(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួម ក្នុងពិធីបិទវគ្គការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ UME-BMC Cup ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ក្នុងទីលានស្មៅធម្មជាតិនៃសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ របស់សហព័ន្ធកីឡាបាល់ទាត់ ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ។
ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ UME -BMC Cup នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, និងមានការអញ្ជើញចូលរួម ពី លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមានអ្នកចូលរួមទស្សនាជាច្រើនកោះករ ។
ការប្រកួតដណ្ដើមពាន រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វិស័យកីឡា និងដឹកនាំយុវជនឱ្យចៀសផុតពីការប្រើប្រាស់ គ្រឿងញៀនជាពិសេសជំរុញឱ្យមានសាមគ្គីភាព សុខភាព និងមិត្តភាព ៕




