ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឆ្នាំ​២០២៤៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បំពេញ​ទស្សនកិច្ច​៥​ប្រទេស ដើម្បី​ពង្រឹង​ភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​ទំនួល​ខុស​ត្រូវ​ជូន សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រជាជន​កម្ពុជា ក្នុង​វិស័យ​មហាផ្ទៃ​!

ឆ្នាំ​២០២៤៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បំពេញ​ទស្សនកិច្ច​៥​ប្រទេស ដើម្បី​ពង្រឹង​ភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​ទំនួល​ខុស​ត្រូវ​ជូន សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រជាជន​កម្ពុជា ក្នុង​វិស័យ​មហាផ្ទៃ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពេញ​មួយឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចំនួន​៥ ទាំង​ក្នុង និង​ក្រៅ​តំបន់​អាស៊ាន​។ ប្រទេស​ទាំងនោះ រួមមាន សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សហព័ន្ធ​ស្វីស សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ អូស្ត្រាលី និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ទស្សនកិច្ច​ទាំងនោះ ផ្ដោតជាសំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​និង​បច្ចេកវិទ្យា និង​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ជាតិ និង​ក៏​ជា​ការបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ពង្រឹង​ភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​ទំនួល​ខុស​ត្រូវជូ​ន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់ សម្ដេច​មហា​បវរ​ធិ​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុង​វិស័យ​មហាផ្ទៃ​។

​ទស្សនកិច្ច​ប្រទេស​វៀតណាម​៖ នៅ​ប្រទេស​វៀតណាម គឺជា​ទស្សនកិច្ច​លើកដំបូង​ហើយ គិត​ចាប់ពី​ពេល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចូល​កាន់​មុខ​តំណែង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក្នុង​ទីក្រុង​ដា​ណាំង ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ថ្នាក់​រដ្ឋមន្ត្រី​នគរបាល​-​មហាផ្ទៃ កម្ពុជា​-​ទ្បា​វ​-​វៀតណាម​។ ភាគី​ទាំង​៣ ក៏​បាន​ធ្វើ​បទ​អន្តរាគមន៍ លើ​ប្រធានបទ ស្ដីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស ការងារ​ប្រយុទ្ធ​ប្រឆាំង បទល្មើស​គ្រឿងញៀន​ខុសច្បាប់ និង​ការលើកកម្ពស់​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​។

​កិច្ចប្រជុំ ក៏បាន​អនុម័ត​សេចក្ដីប្រកាស​រួម ផ្ដោត​លើ​ការងារ​សំខាន់​៤ ជាអាទិ៍ ការ​បន្ត​ផ្តល់​កិច្ចសហការ និង​ការសម្របសម្រួល​ទៅវិញទៅមក ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រប់​ទម្រង់ បន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បង្កា​រ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជំរុញ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី ឱ្យ​បន្ត​សហការ​បាន​ជិតស្និទ្ធ​ក្នុង​ការងារ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និង​សុវត្ថិភាព​នៅតាម​តំបន់​ព្រំដែន និង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា​ថ្នាក់​តំបន់ និង​អន្តរជាតិ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិក ការិយាល័យ​នយោបាយ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម​។ ជំនួប​ទាំងនោះ បាន​ផ្ដល់ឱកាស​ឱ្យ​ភាគី​ទាំងសងខាង ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក​លើ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ បញ្ហា​តំបន់ និង​ពិភពលោក​។

​ទស្សនកិច្ច​សហព័ន្ធ​ស្វីស និង​អាល្លឺម៉ង់​៖ ទស្សនកិច្ច​នេះ មាន​រយៈ​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា និង​ជា​ទស្សនកិច្ច​ច្រើន​ថ្ងៃ​ជាងគេ ធៀប​នឹង​ទស្សនកិច្ច​ផ្សេងៗ​។ ទស្សនកិច្ច​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការសម្របសម្រួល និង​គាំទ្រ​ពី​រដ្ឋាភិបាល​សហព័ន្ធ​ស្វីស និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​គោលបំណង​ដកស្រង់​បទពិសោធន៍​បន្ថែម​លើ​ប្រព័ន្ធគ្រប់គ្រង និង​ការអនុវត្ត​ល្អៗ​ពី​ប្រទេស​ស្វីស និង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជំរុញ​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​លើកកម្ពស់​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា​។

​នៅ​ប្រទេស​ស្វីស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​លោកជំទាវ​ព្រមទាំង​គណៈប្រតិភូ បាន​ស្ដាប់​បទ​បង្ហាញ ចំនួន​៥​ប្រធានបទ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​នយោបាយ​ស្វីស តួនាទី​ទីក្រុង ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ស្វីស​និង​យន្តការ​ជាក់ស្ដែង​នៃ​លទ្ធិប្រជាធិបតេយ្យ​ដោយផ្ទាល់ និង​ការទទួលខុសត្រូវ​ក្នុង​វិស័យ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ គណៈប្រតិភូ ក៏​បាន​ជួបពិភាក្សា​ជាមួយ រដ្ឋលេខាធិការ​ក្រសួងការបរទេស​សហ​ព័ន្ធ​ស្វីស អភិបាលក្រុង Bern អភិបាលក្រុង Zollikofen និង​ទស្សនា និង​ស្វែងយល់​អំពី​សហព័ន្ធ​ស្វីស និង​ទីក្រុង​បុរាណ​។

​បន្ត​ទស្សនកិច្ច​នៅ​អាល្លឺម៉ង់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​គណៈប្រតិភូ បាន​ជួបពិភាក្សា​ជាមួយ រដ្ឋមន្ត្រី​នៃ​រដ្ឋ​បា​វ៉ា​រី​យ៉ា អភិបាលក្រុង Kempten និង​ស្ដាប់​បទ​បង្ហាញ​ចំនួន​៩ ពាក់ព័ន្ធ​ប្រព័ន្ធ​អភិបាលកិច្ច​ពហុ​កម្រិត​នៃ​រដ្ឋ​នា​វ៉ា​រី​យ៉ា ភារកិច្ច និង​មុខងារ​អាជ្ញាធ​រដ្ឋបាល​ថ្នាក់ខ្ពស់ ការត្រួតពិនិត្យ​រដ្ឋបាល​មូលដ្ឋាន រដ្ឋបាល​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​និង​បទពិសោធន៍​ក្រុង Kempten ភាពខុសគ្នា​រវាង​រដ្ឋ​បាល​មូលដ្ឋាន​ស្វីស​និង​អាល្លឺម៉ង់ យុទ្ធសាស្ត្រ​ទីក្រុង​ឆ្លាត​វៃ យុវជន​ក្នុង​កិច្ចកា​រដ្ឋបាល​មូលដ្ឋាន និង​កិច្ចសហប្រតិបត្តិការ​អន្តរ​ទីក្រុង​ក្នុង​វិស័យ​ការពារ និង​សង្គ្រោះ​ពលរដ្ឋ​ជាដើម​។

​ទស្សនកិច្ច​ប្រទេស​អូស្ត្រាលី​៖ ទស្សនកិច្ច​នេះ មាន​រយៈពេល​មួយ​សប្ដាហ៍ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តោប្រវេសន៍ សញ្ជាតិ និង​ពហុវប្បធម៌ និង​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​។ ក្នុងជំនួប​ទាំងពីរ​នោះ ភាគី​អូស្ត្រាលី​បាន​ឯកភាព​បន្ត​បណ្តុះបណ្តាល​ជំនាញ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដល់​មន្ត្រីនគរបាល​កម្ពុជា​។ ភាគី​ទាំងពីរ​បាន​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ ការជួញដូរ​មនុស្ស​ជាដើម​។

​ក្រៅ​ពី​ជំនួប​ទ្វេភាគី គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អូស្ត្រាលី រួមមាន អង្គភាព​ទទួលបន្ទុក​កិច្ចការ​គោលនយោបាយ​សាយ​ប័រ កម្លាំង​ត្រួតពិនិត្យ​ព្រំដែន​អូស្ត្រាលី វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​អន្តោប្រវេសន៍ និង​អង្គភាព​ចារកម្ម​ជាតិ ព្រមទាំង​ជាមួយ​មន្ត្រី​ជំនាញ​នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី និង​បាន​ចុះ​ទស្សនកិច្ច​ផ្ទាល់​ដល់​ទីតាំង​មន្ទីរពិសោធន៍​ច្រកទ្វារ​ឆ្លាត​វៃ នៃ​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី​។

​គណៈប្រតិភូ​កម្ពុជា និង​ភាគី​អូស្ត្រាលី ក៏​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា អំពី​ផែនការ​សកម្មភាព​ស្តីពី​សន្តិសុខ​សាយ​ប័រ ដំណើរការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​បុគ្គល ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ការប្រមូល​វិភាគ​ព័ត៌មាន ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត ការទប់ស្កាត់​ការប្រើប្រាស់​បច្ចេកវិទ្យា​ខុស​គោលដៅ ដូចជា ថ្នាល​ទំនាក់ទំនង​សង្គម បញ្ញា​សប្ប​និម្មិត (AI) ការជ្រៀតជ្រែក​ពី​រដ្ឋ និង​ភ្នាក់ងារ​បរទេស សំដៅ​ធានា សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុង​ប្រទេស​ទាំង​ពីរ និង​តំបន់​។

​ទស្សនកិច្ច​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៖ ទស្សនកិច្ច​នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៤​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អញ្ជើញ​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ជាមួយ​លោក វ៉ាង ស៊ា​វ​ហុង សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន និង​បាន​ចុះហត្ថលេខា​លើ​ផែនការ​ការងារ ស្តី​ពី​ការបន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ផ្ដោត​លើ​ការងារ​សន្តិសុខ ការស្វែងរក​ជនល្មើស និង​ការធ្វើ​មាតុភូមិនិវត្តន៍ ការពង្រឹង​ការអនុវត្ត​ច្បាប់​ជាក់ស្តែង ការកសាង​សមត្ថភាព ការលើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ​។

​ឯក​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ក៏​បាន​បន្ត​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក និង​បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ ទស្សនកិច្ច​ខេត្ត​គួ​យ​ចូ​វ ដើម្បី​ពិនិត្យ និង​ស្វែងយល់​អំពី​ការងារ​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​របស់​ខេត្ត​គួ​យ​ចូ​វ ការិយាល័យ​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​សន្តិសុខ​សាធារណៈ នៃ​សង្កាត់​គ័ន​សាន​ហ៊ូ និង​ទទួល​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​គួ​យ​ចូ​វ ដឹកនាំ​ដោយ​លោក ស៊ី លីន លេខា​បក្ស​ខេត្ត​គួ​យ​ចូ​វ​។

​សូម​បញ្ជាក់​ដែរ​ថា ក្រៅពី​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ទាំង​៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​មាន​កម្មវិធី​ការងារ​ជាមួយ​ប្រមុខ​ក្រសួងមហាផ្ទៃ​ថៃ​នៅ​តំបន់​ព្រំដែន និង​ចូល​ទៅ​ខេត្ត​ច័ន្ទ​បុរី​ផងដែរ ដោយ​នា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​អញ្ជើញ​ពិនិត្យ​ទីតាំង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ដែល​នៅ​ទីនោះ មាន​ការអញ្ជើញ​ចូលរួម និង​ទទួល​ស្វាគមន៍​ពី ឯកឧត្តម អនុ​ធី​ន ឆាន​វីរៈ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ​។ ភាគី​ទាំងពីរ​ក៏បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី នៅក្នុង​ខេត្ត​ច័ន្ទ​បុរី​ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព​ផងដែរ​។

​ជារួម ក្រៅ​ពី​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស ពេញ​មួយឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ទទួល​ជួប​ពិភាក្សា​ទ្វេភាគី និង​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​ប្រមុខ​ក្រសួង ស្ថាប័ន​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង​អង្គការ​និង​បណ្ដា​ដៃគូ​អន្តរជាតិ​ផ្សេងៗ​ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ផងដែរ​។ ជំនួប និង​ទស្សនកិច្ច ទាំង​ក្នុង​និង​ក្រៅប្រទេស​នេះ ជា​ការបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុងនាម​សេនាធិការ​មួយ​រូប​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បន្ត​ផ្ដល់​សារៈសំខាន់​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត និង​អង្គការ​ជា​ដៃគូ ដើម្បី​ធានាបាន​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​ទំនួល​ខុស​ត្រូវ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា លើ​វិស័យ​មហាផ្ទៃ ស្រប​ពេល​សភាពការណ៍​តំបន់ និង​ពិភពលោក​មាន​ការប្រែប្រួល​ស្មុគស្មាញ​ប្រកបដោយ​ភាព​ប្រទាក់ក្រឡា​ដែល​ទាមទារ​ឱ្យមាន​យន្តការ​សហប្រតិបត្តិ​ដោះស្រាយ​ទាំង​កម្រិត​ទ្វេភាគី ពហុភាគី និង​ជា​អន្តរជាតិ​៕

​រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.