ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រីជូសារុននេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានរងការចោទប្រកាន់ពីសំណាក់មន្ត្រីជាច្រើននាក់ក្រោមឱវាទរបស់ខ្លួនថាបានស៊ីដាច់លុយការពារក្នុងការបោះឆ្នោតកន្លងទៅរាប់លានរៀលនិងអង្កររបស់តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺឯកឧត្តម ហ៊ុន ម៉ានី ដែលផ្តល់ជូនកាលពីពេលថ្មីៗនេះសំរាប់បើកអោយមន្ត្រីទាំងអស់នោះថែមទៀតផង។
ការលើកឡើងពីសំណាក់មន្ត្រីអាវុធហត្ថសូមមិនបញ្ចេញឈ្មោះ ទៅលើមេបញ្ជាការបស់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៥កញ្ញា២០១៨កន្លងទៅថ្មីៗនេះ។
មន្ត្រីអាវុធហត្ថមួយរូបនោះនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ចាប់តាំងពីលោក ជូ សារុន ចូលមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមកមានភាពមិនប្រក្រតីជាច្រើនបានកើតឡើងដូចជាប្រកាន់បក្ខពួក(យកតែសាច់ញាតិបងប្អូន) និងបង្កើតអោយមានអ្នកដើរប្រមូលលុយពីបទល្មើសព្រៃឈើនិងសេដ្ឋកិច្ចជាច្រើននៅក្នុងខេត្តជាងនេះទៅទៀតកន្លែងណាដែលអាចរកលុយបានដោយស្រួលលោកជូសារុនតែងតែដាក់សាច់ញាតិឯងអោយទៅកាន់កន្លែងនោះភ្លាមៗ មិនបានពិភាក្សាជាមួយលោកមេបញ្ជាការរងណាម្នាក់នោះទេ គឺអាងខ្លួនជាមេបញ្ជាការមានអំណាចនោះ។ជាក់ស្តែងនៅពេលដែលមកកាន់តំណែងភ្លាមលោកជូ សារុន គាត់បានដាក់សាច់ញាតិម្នាក់ ដែលមកពីខេត្តកោះកុងជាមួយគ្នាអោយទៅកាន់ជាមេបញ្ជាការរងក្រុងច្បារមនផងដែរ។ប្រភពបានបន្តទៀតថាលើសពីនេះទៀតគាត់បានបញ្ជូនប្អូនប្រុសរបស់គាត់ម្នាក់ទៀតអោយទៅដាក់កុងត្រូលដេលចាំយកលុយពីបទល្មើសផ្សេងៗ នៅចំណុចភ្នំតូចព្រំប្រទល់ស្រុកឱរ៉ាល់និងថ្ពង តាមបណ្តោយផ្លូវជាតិលេខ៤៤ ដើម្បីចាំប្រមូលលុយពីឈ្មួញដឹកបទល្មើសព្រៃឈើថែមទៀតផង។ដោយឡែកខាងផ្លូវជាតិលេខ៥ ស្នាក់ការសន្តិសុខ៥៥១ឯណោះវិញលោកជូ សារុន បានដាក់លោកវរសេនីយ៍ទោ គង់ វាសនាដែលមានរហ័ស្សនាមថាមហាមេឃកំពុងធ្វើព្យុះធ្វើ ភ្លៀងសម្បើមខ្លាំងណាស់ដូចជាដេញចាប់ឡានដឹកបទល្មើសនានាបើកដែលឆ្លងកាត់ស្នាក់ការសន្តិសុខកៀបសង្កត់យកលុយមិនប្រណីដៃឡើយ អោយតែមិនព្រមបង់លុយអោយលោក គង់ វាសនានោះ។
បើតាមប្រភពច្បាស់ការណ៍មួយទៀតបានប្រាប់ឲ្យដឹងដែលថានៅពេលថ្មីៗនេះទៀតសោត លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានស៊ីដាច់អង្ករឧបត្ថម្ភរបស់ឯក ឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ជូនមន្ត្រីកងកម្លាំងអាវុធហត្ថកាលពីពេលកន្លងទៅថ្មីៗនោះទៀតផង ជាពិសេសគឺ ស៊ីដាច់លុយការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦រាប់លានរៀល តែម្តង ។
បើតាមប្រភពបន្តទៀតថា រឿងស៊ីដាច់លុយការពារបោះឆ្នោតនេះបើជាសាច់ញាតិ និងជា ខ្សែរស្រឡាយ ជិតស្និតរបស់លោកជូ សារុនគឺបានទទួលគ្រប់ចំនួនប៉ុន្តែ បើមិនមែនជាខ្សែរលោកទេខ្លះគឺមិនបានទទួលឡើយ ស៊ីដាច់តែម្តងគ្រឹបៗ។
ប្រភពដដែលបានបន្តថា លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានអោយមនុស្សជំនិតរបស់ខ្លួនដើរប្រមូលគាបសង្កត់អ្នករស៊ី ដោយក្នុងនោះអោយ លោកវសេនីយ៍ទោ លឹម ឧសភា ប្រមូលលុយពីក្រុមឈ្មួញឈើ និងទំនិញនៅតាមផ្លូវជាតិលេខ៤ និងម្តុំក្រាំងចេក។
ដោយឡែក មេបញ្ជាការស្រុកមួយចំនួនក៏បានរអ៑ូររទាំផងដែលថាតាំងពីលោកជូ សារុន មកកាន់តំណែងជាមេខេត្តកាលណាមកមេបញ្ជាការតាមបណ្តាស្រុកនានាទូរទាំងខេត្តម្នាក់ៗស្ទើខ្សោះខ្យល់អស់ហើយដោយប្រឹងប្រែងស្វែង រកលាភសក្ការៈយកទៅសែនដល់មេដើម្បីកុំអោយមានការដោះដូរចេញពីមេស្រុកថែមទៀតផង។
ពាក់ព័ន្ឋនិងការលើកឡើងក៏ដូចជាការរិះគន់នេះផងដែលមន្ត្រីអាវុធហត្ថមួយចំនួននៅខេត្តកំពង់ស្ពឺស្នើរសុំឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាជួយ ពិនិត្យមើលទង្វើររបស់លោកជូ សារុនផង ករណីនេះជាពិសេសសូមចាត់ក្រុមអធិការកិច្ចចុះធ្វើការស្រាវជ្រាវដើម្បីរកការពិតផងទាន។
ទាក់ទងនឹងការរិះគន់ក៏ដូចជាចោទប្រកាន់ខាងលើនេះដែលលោកឧត្តមសេនីយ៍ត្រីជូសារុនបានឆ្លើយតបយ៉ាងខ្លី តាមប្រព័ន្ឋវ័តអាប់ WhatsApp ថា ៖ វាជារឿងមិនពិតនោះទេ ហើយលោកក៏មិនបានប្រព្រឹត្តដូចការលើកឡើងខាងលើរបស់មន្ត្រីមួយចំនួននេះដែរ ៕




