កំពង់ឆ្នាំង ៖ ងកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ថ្លែងថា ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពេលនេះសមិទ្ធផល ថ្មីមួយទៀតគឺផ្លូវរថភ្លើងប្រវែង៣៨៦គីឡូម៉ែត្រ ពីប៉ោយប៉ែតទៅកាន់ទីក្រុងភ្នំពេញ បាន ដាក់អោយប្រើប្រាស់ហើយ ដោយបងប្អូនប្រជាពលរដ្ឋអាចជិះបានដោយសេរីមិនយកប្រាក់ ឡើយ ចាប់ថ្ងៃទី០៤ ខែកក្កដានេះ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
ងកឧត្តមស៊ុន ចាន់ថុល បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០៤ ខែកក្កដា នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវរថភ្លើង ដោយមានប្រជាពលរដ្ឋ និង មន្ត្រីរាជការ ចូលរួមអបអរសាទរជាង៤០០នាក់។
លោកបានបន្តថា ៖ ខាងមុខនេះលោក នឹងអញ្ជើញទៅប្រទេសថៃដើម្បីចុះកិច្ចប្រតិបត្តិការ រួមជាមួយគ្នាក្នុងការសហការគ្នាប្រើប្រាស់ផ្លូវរថភ្លើងនៅក្នុងសហគមន៍អាស៊ានកម្ពុជា ថៃ ដោយពេលនេះយើងអាចផ្លាស់ប្តូរទំនិញទៅវិញទៅមកបានដោយស្រួលតាមផ្លូវរថភ្លើងពី ភ្នំពេញទៅប៉ោយប៉ែតដែលមានប្រវែង៣៨៦គីឡូម៉ែត្រ និងភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង២៦៦គីឡូម៉ែត្រ និងពីភ្នំពេញទៅទីក្រុងបាងកកប្រទេសថៃ និងក៏អាចធ្វើ ដំណើរទៅដល់ប្រទេសសិង្ហបុរីផងដែរ។
ផ្លូវរថភ្លើងគឺជាសរសៃឈាមសេដ្ឋយ៉ាងសំខាន់ និងចំណងដៃដ៏ពិសិដ្ឋមួយថ្មីទៀតរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដើម្បីសម្រួលដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនទំនិញ និងភោគផលកសិកម្ម ឧស្សាហកម្មបានដោយងាយស្រួលតាមផ្លូវដែក ដែលអាច មានសុវត្ថិភាពល្អជាងផ្លូវគោក ដែលបច្ចុប្បន្នកំពុងមានការកកស្ទះនៅក្នុងខេត្តក្រុង មួយចំនួន និងក៏ជាការងាយស្រួលដល់ភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកលេងកំសាន្តនៅក្នុងប្រទេស កម្ពុជាយើងផងដែរ។
លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស រួមជាមួយប្រជាពលរដ្ឋ និងយុវជនកាយរិទ្ធ បាន លើកឡើងថា ពួកគាត់ពិតជាក្តីសប្បាយរីករាយខ្លាំងណាស់ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខ រាជរដ្ឋាភិបាល បានជួសជុលដាក់អោយប្រើប្រាស់ផ្លូវរថភ្លើងនេះឡើងវិញ ក្រោយពីបាន ខូចខាតមិនបានដំណើរការជាង២០ឆ្នាំកន្លងមកដោយសារភ្លើងសង្គ្រាម។ នៅពេលផ្លូវរថភ្លើង ដំណើរការបានឡើងវិញដូច្នេះ ពួកគាត់ពិតមានជីវភាពធូរធារបានមួយកម្រិតថែមទៀត ដែល អាចដឹកជញ្ជូនទំនិញនិងភោគផលកសិកម្មពីមូលដ្ឋានទៅលក់ដូរនៅទីក្រុង និងតាមបណ្តាខេត្ត នានាបានដោយងាយស្រួល។
ដោយឡែក លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមក្នុងកម្មវិធី នេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលរស់នៅតាមផ្លូវរថភ្លើងនេះ នៅក្នុង ខេត្តកំពង់ឆ្នាំងសូមជួយថែរក្សាផ្លូវរថភ្លើងនេះអោយបានគង់វង្សល្អ នៅពេលឃើញផ្លូវ រថភ្លើងមានការខូចខាតដោយប្រការណាមួយសូមជួយរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ដើម្បី រួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗដែលអាចមានឡើងដោយចៃដន្យ។
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវរថភ្លើងនេះ ក្រសួងសាធារណការ បានអញ្ជើញប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង៣០០នាក់ជិះលើរថភ្លើងពីខេត្តពោធិ៍សាត់ មកដល់ស្ថានីយរថភ្លើងរមាសស្រុកទឹកផុស ហើយត្រូវបានរថយន្តក្រុងចំនួន៦គ្រឿងជូនដំណើរ ទៅពួកគាត់កាន់ខេត្តពោធិ៍សាត់វិញ។ ដោយឡែកប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង៣០០នាក់ នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ក៏បានចូលរួមជិះរថភ្លើងកំសាន្តយ៉ាងសប្បាយរីករាយ ពីស្រុក ទឹកផុសទៅកាន់រាជធានីភ្នំពេញផងដែរ ដោយមិនអស់ប្រាក់ឡើយ៕
ដោយ រុន សារ៉េត








