(កែប)៖ ពិធីបុណ្យសមុទ្រក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៧មានមនុស្សចូលរួមមកទស្សនាប្រមាណជាង៥០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប ។
ទាក់ទិននឹងពិធីបុណ្យសមុទ្រនេះ អាជ្ញាធរខេត្តកែបបានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៧នេះថា៖ ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែបត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហការរវាងគណៈកម្មការអន្តរក្រសួង និងអាជ្ញាធរខេត្តកែប។
ជាមួយនឹងការប្រារព្វពិធីបុណ្យសមុទ្ររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៧នេះ គេសង្កេតឃើញមានមនុស្សចូលរួម ទស្សនាយ៉ាងច្រើនកុះករ ដែលភាគច្រើនជាពលរដ្ឋមកពីគ្រប់បណ្តាខេត្ត-ក្រុង ទូទាំងប្រទេស ក្នុងនោះក៏មានភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
លោក ប៉ុក ទាង អនុប្រធានមន្ទីរទេសចណ៍ខេត្តកែប បានលើកឡើងថា ជាទូទៅក្នុងពិធីបុណ្យសមុទ្ររយៈពេលបីថ្ងៃនេះពិតជាមានអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ កត្តាបែបនេះនឹងបានធ្វើឲ្យអ្នកទទួលរ៉ាប់រ៉ងតាមផែននិមួយៗមានភារកិច្ចដ៏មមាញឹក ពិសេសផ្នែកអនាម័យសម្អាតបរិស្ថានក្នុងបរិវេណក្រុង។
លោកបានបានបញ្ជាក់ថា ដោយសារមានមនុស្សមកលេងក្នុងពិធីបុណ្យសមុទ្រច្រើនបែបនេះ អ្នកទទួលផែនត្រូវបន្តការងារជាប្រចាំ ដោយត្រូវតែប្រមូលសំរាមនិងកាកសំណល់ជារៀងរាល់ថ្ងៃ គ្រប់ពេល គ្រប់នាទី ចេញពីដងផ្លូវ និងកន្លែងសាធារណៈនៃទីប្រជុំជនខេត្តកែបទាំងមូល ដោយសកម្មភាពនេះគឺក្រុមអនាម័យបាននាំគ្នាប្រមូលសំរាម-កាកសំណល់ទាំងយប់ទាំងថ្ងៃ គ្មានពេលទំនេរឡើយ។លោកអនុប្រធានមន្ទីរទេសចរណ៍ បានអះអាងថា៖ក្នុងថ្ងៃទី២២ជាថ្ងៃទី១នៃបុណ្យសមុទ្រគឺមនុស្សមិនសូវមកចូលរួមទេ លុះដល់យប់ថ្ងៃទី២៣និងទី២៤ខែធ្នូ ដែលជាថ្ងៃបញ្ចប់ទើបមានមនុស្សច្រើនដូចទឹកបាក់ទំនប់។
ជុំវិញវិធានការសម្អាតក្រុងកែបក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ លោកស្រី ទិត សុខា អភិបាលក្រុងកែប ដែលទទួលផ្នែកអនាម័យ បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៧នេះថា៖លោកស្រីមិនបានដឹងពីចំនួនសំរាមនិងកាកសំណល់មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែបើតាមការប៉ាន់ប្រមាណអាចមានរាប់រយតោនឯណោះ ចំណែកមនុស្សចូលរួមប្រហែលរាប់លាននាក់ផងដែរ។
ដោយឡែក លោកព្រំ គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប បានប្រាប់នៅរសៀលថ្ងៃដដែលថា៖ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តកែប ចាប់ពីថ្ងៃទី២២-២៤ខែធ្នូ ឆ្នាំ២០១៧មានមនុស្សមកចូលរួមប្រមាណជាង៥០ម៉ឺននាក់ ហើយតួលេខនេះបូកបញ្ចូលជាមួួយក្រុមភ្ញៀវទេសចរណ៍ផងដែរ៕
ណារិទ្ធ




















