រតនគិរី ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី គេបានឃើញសមត្ថកិច្ចមួយក្រុមដឹកនាំដោយលោកវរសេនីយ៍ត្រី ធី សុខា ជាអនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃទីបញ្ជាការអ.ហ ខេត្តរតនគិរីស្ទាក់ចាប់បានរថយន្តលុច្សស៊ីសRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-7579 ផ្ទុកឈើប្រណិតពេញ ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ប្រភពពីមត្ថកិច្ចដែលប្រចាំការផ្លូវជាតិលេខ៧៨ម្នាក់បានឲ្យដឹងថា រថយន្តលុច្សស៊ីសលោតឆ័ត្រដឹកឈើប្រណិតនេះមានឈ្មោះ ចន្ធី មន្ត្រីយោធា មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាកូនប្រុសលោក ញាណ សារី មន្ត្រីយោធាមានឋានៈជានាយការិយាល័យទី១ នៃតំបន់ប្រតិបត្តិការសឹករងរតនគិរី។តែ បន្ទាប់ពីកក្រុមសមត្ថកិច្ច និងម្ចាស់ឈើក្នុងការធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់គេឃើញរថយន្តនោះក៏មានសេរីភាពបន្តដំណើរទៅទៀត ពោលគឺមិនមានចាប់រថយន្តប្រព្រឹត្តបទល្មើសនោះបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាត់ចែងតាមច្បាប់នោះឡើយ។
ជាក់ស្តែងលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបរកែវ ស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ ថា មន្ត្រីក្រោមឱវាទរបស់លោកមិនបានទទួលរថយន្តដឹកបទល្មើសឈើប្រណិតខុសច្បាប់នោះទេ ៕




