ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ចាន់ ថានី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ បហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានហួសចិត្តយ៉ាងខ្លាំង ហើយក៏អំពាវនាវដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ ឱ្យជួយរកយុត្តិធម៌ និងអន្តរាគមន៍ ឱ្យគាត់ដែលជាពលរដ្ឋស្លូតត្រង់ ខណៈដីរបស់ខ្លួនត្រូវបាន បុរសម្នាក់ ឈ្មោះ ជា ចាន់ឌិន ដែលគេស្គាល់ថា ជាស្នងការនគរបាលខេត្តប៉ៃលិន អាងអំណាច បានបន្តរំលោភសាងសង់របងយកដីរបស់គាត់ ដែលមានទទឹងប្រវែង៤២ម៉ែត្រ បណ្តោយ៥០ម៉ែត្រ នៅចំណុចជាប់ផ្លូវជាតិលេខ៥៧ និងជាប់ផែស្ងួតយីហោ ជាង ហៀង ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានទិញពីបុរសម្នាក់ ឈ្មោះ មាស សុខុម ហៅទូច ជាមន្ត្រីនគរបាល ត្រូវជាកូនចៅរបស់លោក ជា ចាន់ឌិនផងដែរ ។
លោកបានរំលឹកថា ដីនោះខ្លួន បានទិញកាលឆ្នាំ២០០៣ ពីបុរសម្នាក់ ឈ្មោះ មាស សុខុម ហៅទូច ដោយមានលិខិតទិញលក់ទទួលស្គាល់ពីលោក ប៊ុន ចាន់វុទ្ធី ជាអតីតមេភូមិអូររអិល ហើ យមានបង្កាន់ដៃបោះត្រាពីលោក កង ថេង មេឃុំស្ទឹងកាច់ មានការចុះហត្ថលេខាពីលោក មាស សារី អតីតប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកបន្តថា បន្ទាប់ពីទិញបានរយៈពេល៦ខែ លោកបានទៅធ្វើរបងព័ទ្ធជុំវិញដីនោះ ស្រាប់ តែលោក ជា ចាន់ឌិន ដឹកនាំកូនចៅចុះទៅធ្វើការហាមឃាត់តែម្តង ។ ក្រោយមកលោកមិនសុខចិត្ត ក៏ហៅម្ចាស់ដីដើម និងអាជ្ញាធរភូមិ ឃុំ មកជួយដោះស្រាយធ្វើអន្តរាគមន៍ ។ ប៉ុន្តែដោះស្រាយ មិនចេញ ព្រោះគេអាងអំណាច ហើយលោកក៏បន្តសំនុំរឿងរហូតដល់ថ្នាក់ខេត្ត តែគ្មានលទ្ធផល ទើបរហូតដល់គាត់បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីសុំរក្សាការពារទៅខាងរដ្ឋបាលសាលាដំ បូងខេត្តប៉ៃលិន ជាច្រើនលើកច្រើនសារ ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនព្រមចាត់ការឱ្យលោ កនោះឡើយ ព្រោះមានការឃុបឃិតគ្នាជាប្រព័ន្ធ ។
លោក ចាន់ ថានី បញ្ជាក់ទៀតថា លោក ជា ចាន់ឌិន បានយកគ្រឿងចក្រទៅឈូសឆាយ ដីរបស់ខ្លួនអស់រយៈពេល៤លើកមកហើយ ដែលធ្វើឱ្យដីនោះខូចទ្រង់ទ្រាយដើមទាំងស្រុង ហើយ លោកក៏បានចុះទៅហាមឃាត់ចំនួន៤លើកផងដែរ តែគេនៅបន្តធ្វើរហូតមកដល់ថ្ងៃទី០៣ ខែមិថុ នា នេះរួចរាល់តែម្តង ។ គាត់ក៏សូមអំពាវនាវម្តងហើយម្តងទៀត ដល់អាជ្ញាធរខេត្ត ជា ពិសេសសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យជួយរកយុត្តធម៌ជូនគាត់ផង ខណៈស្នងការនៅតែបំពាន ជាបន្តបន្ទាប់ព្រោះតែអាងអំណាចបុណ្យស័ក្តិ ។ ជាក់ស្តែងខណៈពេលកំពុងតែធ្វើយុទ្ធនាការបោះ ឆ្នោតឃុំសង្កាត់ ស្រាប់តែនាំគ្នាលួចធ្វើរបងស្ងាត់ៗ ដែលបំពាននឹងច្បាប់យ៉ាងគឃ្លើន ។
បើតាមលោក អ៊ុំ ប៊ុនធឿន មេធាវីរបស់លោក ចាន់ ថានី បានឱ្យដឹងថា ឯកសារបានបង្ហា ញប្រាប់យ៉ាងច្បាស់ថា កូនក្តីរបស់លោក ពិតជាម្ចាស់កម្មសិទ្ធិដីនោះប្រាកដមែន ព្រោះមានមេភូមិ មេឃុំ ចៅហ្វាយស្រុក រហូតដល់សុរិយោដី ជាអ្នកចុះហត្ថលេខា និងបោះត្រាសព្វគ្រប់អស់ហើយ ។ ចំណែកខាងឯស្ថាប័នតុលាការខេត្តប៉ៃលិន ពេលទទួលបណ្តឹងហើយ បែរជាមិនព្រមចាត់ការនោះទេ ពោលគឺយកទៅផ្អឹបចោលតែម្តង ។ លោកបានបន្តទៀតថា លោក ជា ចាន់ឌិន កំពុងតែធ្វើឱ្យប្រ ជាពលរដ្ឋរស់នៅខេត្តប៉ៃលិនមួយចំនួនធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ។
បើតាមលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងដីទំ នាស់រវាងលោកនឹងលោក ចាន់ ថានី នៅក្នុងភូមិអូររអិលនោះ ខាងលោកបានលក់ផ្ទេរដីនោះទៅឱ្យលោក ឡោ ស៊ុនជាង ជាម្ចាស់ផែស្ងួតរួចរាល់អស់ហើយ គ្មានអ្វីពាក់ព័ន្ធនឹងលោកទៀតទេ ។
ទោះបីជាយ៉ាងណាក៏ដោយភ្នាក់ងារយើងបានទាក់ទងទៅលោក ឡោ ស៊ុនជាង ម្ចាស់ផែស្ងួត ដែលមានព្រំដីជាប់គ្នានឹងដីទំនាស់នោះដែរ តែបានបិទទូរស័ព្ទ មិនអាចទាក់ទងចូលនោះឡើយ ។
សូមបញ្ជាក់ថា ខណៈភ្នាក់ងារសារព័ត៌មាន ចុះទៅថតនៅកន្លែងដីទំនាស់ ស្រាប់តែ ខាងបុគ្គលិកផែស្ងួត ចេញមកសួរនាំ ហើយប្រាប់ថាដីនោះត្រូវខាងថៅកែរបស់ខ្លួនបានទិញពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនអស់ទៅហើយ ៕
ដោយ ៖ នីយ៉ា








