កែប ៖ មីទ្ទីងរំលឹកវិញ្ញាណក្ខន្ធ ២០ឧសភា ទិវាចងកំហឹងនឹងបនប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានប្ររព្វឡើងនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប នាព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៧ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប២២៧២នាក់។
ក្នុងពីធីនោះអាជ្ញាធរខេត្ត រួមទាំងមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ក៏បានអុជធូបដើម្បីគោរពវិញ្ញាក្ខន្ធនៅស្តូបតម្កល់អដិ្ឋធាតុ ប្រជាជនស្លូតត្រង់ដែលបានស្លាប់យ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដ៏សែនជូរជត់ក្នុងរយៈកាល៣ឆ្នាំ៨ខែនិង២០ថ្ងៃ។
នាឱកាសនោះលោក កែន សត្ថា អភិបាលខេត្តកែប ក៏បានថ្លែងថា នេះជាទិវាមួយប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានដែលប្រជាជនកម្ពុជាបានកំណត់យកថ្ងៃ២០ឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្វពិធីរំលឹកវិញ្ញាណក្ខន្ធនិងបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនរួមមាន ព្រះសង្ឃ កម្មាភិបាល យុទ្ធជន យុទ្ធនារី កងកំលាំងប្រដាប់អាវុធ បញ្ញវន្ត សិស្ស និស្សិត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជនគ្រប់ស្រទាប់ និងមិត្តភក្តិ បរទេស ដែលបានចូលរួមពលីកម្មតស៊ូបូជាជីវិត ក្នុងបុព្វហេតុរំដោះខ្លួននិងទឹកដីចេញពីក្រញាំុមច្ចុរាជ ចេញពីនឹមដែក ខ្នោះឃ្នាងនៃគុកឥតជញ្ជាំង ហើយត្រូវស្លាប់និងពលីយ៉ាងអាណោចអធម អយុត្តិធម៌ ក្រោមអំពើដ៏កាចសាហាវព្រៃផ្សៃយង់ឃ្នងបំផុត ដោយប្រើអំណាចផ្តាច់ការ ធ្វើមនុស្សឃាតគ្មានច្បាប់ គ្មានមេត្តារបស់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត ក្នុងរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ។
លោកបានបញ្ជាក់ថា នេះគ្រាន់តែការលើកឡើងរំលឹកខ្លះៗនូវប្រវតិ្តអនុស្សាវរីយ៍ដ៏សែនឈឺចាប់ខ្លោចផ្សារនិងល្វីងជូរជត់ដែលបនប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តជាក់ស្តែងមកលើអាយុជីវិតប្រជាជនស្លូតត្រង់ដូចសត្វធាតុនិងដឹកនាំប្រទេសជាតិពីភាពរុងរឿងទៅកាន់ភាពវិនាសហិនហោច សល់តែទឹកភ្នែក ឈាម ឆ្អឹងជាគំនររាយប៉ាយពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រជាជនព្រាត់ប្រាស់ និរាសគ្រួសារគ្មានថ្ងៃជួបវិញឡើយ។បន្ទាប់ពីរងនូវអំពើគៀបសង្កត់របស់បនប្រល័យពូជសាសន៍នោះមក ក៏មានកំលាំងតស៊ូរើបម្រះដ៏ខ្លាំងក្លា ជាបន្តបន្ទាប់រហូតទទួលបានជ័យជំនះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលដឹកនាំផ្ទាល់ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គពញាចក្រី ហេង សំរិន សម្តេចមហាធម្មពោធិសាល ជា សុីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនៃចលនាតស៊ូរំដោះជាតិ ហើយកំលាំងតស៊ូនេះបានរីករាលដាលគ្រប់ខេត្តរហូតប្រមែប្រមូលក្រុមអ្នកតស៊ូទាំងអស់កសាងរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ក្រោយមកកំលាំងខាងក្នុងនិងខាងក្រៅក៏មានកំលាំងអានុភាពដ៏មហិមា ដោយមានកំលាំងមហាជនគាំទ្រនិងជួយឧបត្ថម្ភពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលជាអ្នកជិតខាងបានឲ្យផែនសាមគ្គីជាតិទាំងមូលវាយបណ្តេញបនប្រល័យពូជសាសន៍ឲ្យរត់ខ្ចាត់ខ្ចាយដោយប្រើតែរយៈពេល៣៦ថ្ងៃប៉ុណ្ណោះ ៕
ណារិទ្ធ







