សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ីឈីកុ កាន់ហ្សាគី ចំពោះមរណភាពលោក កូជី កាន់ហ្សាគី ជាជនជាតិជប៉ុន ដែលចំណាយពេល៣៨ឆ្នាំនៃជីវិតជួយជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ីឈីកុ កាន់ហ្សាគី ចំពោះមរណភាពរបស់ស្វាមីរបស់លោកស្រី គឺលោក កូជី កាន់ហ្សាគី ដែលចំណាយពេលវេលា៣៨ឆ្នាំនៃជីវិត ដើម្បីជួយជំរុញទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន។
លិខិតចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីតក់ស្លុត និងសោកស្តាយជាខ្លាំង ដោយបានទទួលដំណឹងពីការបាត់បង់ស្វាមី ជាទីស្រឡាញ់របស់លោកស្រី។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់លោកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមបួងសួងឱ្យវិញ្ញានក្ខន្ធលោក កូជី កាន់ហ្សានី បានទៅកាន់សុគតិភព»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា លោក កូជី កាន់ហ្សាគី ជាមិត្តដ៏ល្អរបស់កម្ពុជា។ លោកបានចំណាយពេលវេលាប្រមាណ៣៨ឆ្នាំនៃជីវិត
ដើម្បីពង្រឹងទំនាក់ទំនងរវាងជប៉ុននិងកម្ពុជា និងចូលរួមក្នុងការសាងសង់នូវសាលារៀន មន្ទីរពេទ្យ និង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។ ទោះក្នុងដំណាក់កាលចុងក្រោយនៃជីវិត ក៏លោកនៅតែបន្តលះបង់ ដើម្បីបុព្វហេតុដ៏ប្រពៃនេះ។ ជាក់ស្តែង នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ លោកបានប្រកាសផ្តល់ដីមួយកន្លែង ដើម្បីរៀបចំជាស្ងួន PKO និងផ្តល់ជំនាញបច្ចេកទេស ក្នុងការការពារទឹកជំនន់នៅកម្ពុជា៕






