ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជាលើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។
យោងតាមរបាយការណ៍ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កលក្ខណៈឱ្យនិស្សិត និងសិស្សនគរបាល បានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពស្របតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តមប្រធានបណ្ឌិត្យសភា បានបន្តថា ក្នុងដំណើរការដំបូង មានកីឡាករ កីឡាការិនី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ បានស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេសសរុបចំនួន ២៥២នាក់ (នារី ១២៥នាក់)។ តាមរយៈការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការបានជ្រើសរើសបេក្ខជនឆ្នើមបានចំនួន ៧២នាក់ (នារី ៣២នាក់) ដោយបែងចែកជា ៣ប្រភេទវិញ្ញាសា រួមមាន៖ ទី១. ការប្រកួតជាក្រុមបុរស-នារី ចំនួន ៥៦នាក់ (នារី ២៤នាក់) ដោយបែងចែកជា ៨ក្រុម ទី២. ការប្រកួតឯកត្តជនបុរស (កីឡាករ ៨នាក់)។ ទី៣ ការប្រកួតឯកត្តជននារី (កីឡាការិនី ៨នាក់)។
ចំពោះវិញ្ញាសាប្រកួតវិញ ត្រូវបានរៀបចំឡើងចំនួន ១៩ឧបសគ្គ តម្រូវឱ្យបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ដោយប្រើប្រាស់កាយសម្បទារឹងមាំ ភាពវៃឆ្លាត ការគោរពវិន័យ ការសម្រេចចិត្តក្នុងស្ថានភាពលំបាក និងការទទួលខុសត្រូវខ្ពស់។ ឧបសគ្គទាំងនោះ រួមមាន៖ របាំងទាប កៅអីបង្អែកវែង តុវែង បង្អួច ជណ្តើរយោល ជញ្ជាំងមានបំពង់ទីប ស្ពានយោល ជណ្តើរស្វា បន្លាលួស ស្នួខ្សែពួរ ស្នួឆ្លងអគារ រថយន្តក្រុង ខ្សែពួរផ្លោះអូរ ផ្ទះសិប្បនិម្មិត ខ្សែកាបទោល ខ្សែកាបភ្លោះ ការដោះរៀបអាវុធ AK-47 ខ្សែកាបស្រប និងវិញ្ញាសាចុងក្រោយគឺ ការសម្រូតខ្សែរ៉តរំលងស្រះ។
ចំពោះលទ្ធផល គណៈកម្មការប្រកួត បានជម្រុះយកតែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដោយកីឡាករឆ្នើមទាំងបីចំណាត់ថ្នាក់នេះ ទទួលបានពាននិងរង្វាន់លើកទឹកចិត្ត រួមមាន៖ ទីមួយ. ការប្រកួតជាក្រុមបុរស-នារី ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា៣លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា២លានរៀល លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា១លានរៀល រីឯក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ នឹងទទួលបានថវិកា ៥០ម៉ឺនរៀលក្នុង១ក្រុម។
ចំណែកទី២ គឺការប្រកួតឯកត្តជនបុរស ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា១លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា៨០ម៉ឺនរៀល លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា៥០ម៉ឺនរៀល។ រីឯកីឡាករដែលមិនទទួលបានចំណាត់ថ្នាក់ នឹងទទួលបានថវិកា ២០ម៉ឺនរៀល។ ៣.ការប្រកួតឯកត្តជននារី ចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស មេដាយមាស ថវិកា១លានរៀល លេខ២ ពានប្រាក់ មេដាយប្រាក់ ថវិកា៨០ម៉ឺនរៀល លេខ៣ ពានសំរឹទ្ធ មេដាយសំរឹទ្ធ ថវិកា៥០ម៉ឺនរៀល។ រីឯកីឡាករ ដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ២០ម៉ឺនរៀល។
ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងនូវការអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករកីឡា កីឡាការិនី ដែលទទួលបានជ័យលាភី ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ ដោយឡែក សម្រាប់កីឡាករ កីឡាការិនី ដែលមិនទាន់ទទួលបានជ័យលាភី ឯកឧត្តមអភិសន្តិបណ្ឌិត បានដាស់តឿនមិនឱ្យមានការបាក់ទឹកចិត្តឡើយ ពោលគឺត្រូវសិក្សាស្វែងយល់បទពិសោធពីការប្រកួត និងពិនិត្យរាល់ចំណុចខ្វះខាតរបស់ខ្លួន ដើម្បីយកទៅកែខៃ វាយតម្លៃ និងបង្កើនការហ្វឹកហាត់បន្ថែមទៀត សំដៅត្រៀមខ្លួនដណ្តើមជោគជ័យក្នុងការប្រកួតព្រឹត្តិការណ៍ក្រោយៗទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការប្រកួតនេះ កីឡាករ កីឡាការិនី នឹងមានឱកាសចូលរួមការប្រកួតក្នុងកម្រិតប្រហាក់ប្រហែលគ្នានេះ ក្នុងវិស័យកងទ័ព ដែលរៀបចំដោយក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃនាពេលខាងមុខ។ ដូច្នេះ គុណផលដែលសម្រិតសម្រាំង និងទទួលបាននាឱកាសនេះ គឺពិតជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានភាពរឹងមាំ ម៉ឺងម៉ាត់ និងទាន់សម័យ សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិ សន្តិសុខសង្គម និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងរម្លឹកដោយក្តីក្តុកក្តួល និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និងវីរនគរបាលជាតិគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងបូជាជីវិត ដើម្បីបុព្វហេតុការពារមាតុភូមិ ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃ។
សូមបញ្ជាក់ថា ក្នុងពិធីដ៏ឡារិកនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ព្រមទាំងបានអញ្ជើញទស្សនាការសម្តែងក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗរបស់និស្សិតនគរបាល យ៉ាងរស់រវើក និងប្រកបដោយភាពម៉ឺងម៉ាត់ ដែលក្បួនព្យុហយាត្រាមានចំនួន៨ផែន ទី១ ផែនកាន់ទង់ជាតិ ទី២ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី៤ ទី៣ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី៣ ទី៤ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី២ ទី៥ ផែននិស្សិតបរិញ្ញាបត្រឆ្នាំទី១ ទី៦ ផែនអន្តរាគមន៍ប្រដាប់ដោយអាវុធ AK-47 ទី៧ ផែននារីក្នុងឯកសណ្ឋានហ្វឹកហាត់ ប្រដាប់ដោយអាវុធ AK-47 និងទី៨ ផែនបុរសក្នុងឯកសណ្ឋានហ្វឹកហាត់ប្រដាប់ដោយអាវុធ AK-47៕




