ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បញ្ចុះបឋមសិលាសាង់សង់ស្ពានបេតុងមួយខ្សែ ឆ្លងកាត់ស្ទឹងសែន
(កំពង់ធំ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុងមួយខ្សែ ឆ្លងកាត់ស្ទឹងសែន នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវការនឹករលឹក និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោកស្រីបន្តថា ការសាងសង់ស្ពាននេះផងដែរក៏ជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំ
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍កាលពីឆ្នាំ២០១៣ ។
លោកស្រីក៏បានផ្តាំផ្ញើរដល់ក្រុមជាងត្រូវបំពេញការងារឲ្យបានហ្មត់ចត់ត្រូវគោរពតាមបទដ្ឋាន នៃសំណង់ក្នុងការសាងសង់ស្ពាន សាងសង់ឲ្យមានភាពរឹងមាំជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ ។
លោកស្រីក៏បានអំពាវនាឲ្យបងប្អូនទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការរៀនរស់នៅធ្វើការជាមួយកូវីដ ១៩ តាមគន្លងថ្មី ដោយរក្សារគម្លាតនិងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ខណៈដែលមេរោគប្រភេទ អូមីក្រុង បាននឹងកំពុងបន្តកើនឡើងជាលំដាប់និងបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងអ្នកដែលបានចាក់ដូសទី ១ និងទី ២រួច ត្រូវទទួលដូសជម្រុញបន្ថែមទៀតដើម្បីបង្ការនិងទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
គួបញ្ជាក់ថា ស្ពានបេតុងមួយខ្សែរឆ្លងកាត់ស្ទឹងសែន ដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ កម្ពស់១២,២០ ម៉ែត្រ សសរស្ពានមាន៣០ដើម សសរបង្កាន់ដៃស្ពាន១៣២ដើម និងកម្ពស់បង្កាន់ដៃស្ពាន១,៣ ម៉ែត្រ (បូកទាំងឃឿន) ដោយតភ្ជាប់ពីភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ហើយស្ពាននេះគឈជាស្ពានទី៨ដែលឆ្លងកាត់ស្ទឹងសែនក្នុងខេត្តកំពង់ធំ នឹងសាងសង់រួចរាល់ជាស្ថាពរក្នុងរយៈពេល ២៤ខែ ។
ស្ពាននេះមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាកសិករ ការដោះដូរទំនិញ ទៅកាន់ទីផ្សារ ដែលចំណាយពេលវេលា ចំណេញថវិកា ក្នុងការធ្វើដំណើរមកកាន់ទីរួមខេត្ត ក៏ដូចជា ជម្រុញឲ្យទេសចរណ៍ចូលមកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ ផងដែរ៕













