លោកជំទាវកិក្តិបណ្ឌិត អុឹងកន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី រដ្ឋាភិបាលជាប្រតិភូអមដំណើរសម្តេចតេជោ អញ្ជើញជូនពរ និងច្រៀងចម្រៀង ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២
(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ មុនពេលអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចម្រៀងជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
លោក សួស យ៉ារ៉ា បានលើកឡើងថា សុន្ទរកថារបស់សម្តេចតេជោ ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ កាលពីថ្ងៃទី១២ ខែកុម្ភៈ បានផ្តល់នូវការរំជួលចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាពរំជួលចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។
លោក សួស យ៉ារ៉ា បន្តថា ក្នុងនាមគណៈប្រតិភូទាំងអស់ លោកសូមប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ ពូលានុ ភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅក្នុងបេសកកម្ម ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំបំផុតរបស់សម្តេច ឱ្យកាន់តែរឹងមាំរីកចំរើនសម្រាប់មនុស្សជាតិជំនាន់ក្រោយ រស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។
នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាល និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដូចជាឪពុកប្រកបដោយព្រហម្មវិហាធម៌ ជាមួយកូនចៅរួមការងារទាំងអស់៕

















