កណ្តាល÷ឯកឧត្តម បណ្ឌិត ម៉ៅ ភារុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ តកណ្តាល និង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមគោរពអបអរសាទរសម្តេចអគ្គមហាសេនាមតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសដែលសម្តេចទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ – SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា «បិតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ, មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ៕




