ខេត្តកំពង់ឆ្នាំង ៖ សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយបានបើកលេងយ៉ាងរលូន ជារៀងរាល់ថ្ងៃមិនដែលមានការបង្ក្រាបពីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សោះឡើយ ព្រោះសមត្ថកិច្ចទាំងនោះបានបើកភ្លើងខៀវ និងទទួលបានលាភសក្ការៈពីម្ចាស់សង្វៀនជល់មាន់ និងអាប៉ោង ភ្លេចគិតពីតួនាទី និងភារកិច្ច ដោយប្រឆាំងទៅនឹងបទបញ្ជា របស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ទូតាំងប្រទេស ប៉ុន្តែបែជាលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹងយ៉ាងច្បាស់មានសង្វៀនជល់មាន់ និងអាប៉ោងបើកលេង យ៉ាងគគ្រឹកគគ្រេង ក្នុងទឹកដីស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ជាប់ព្រំប្រទល់ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកពញាឮ ខេត្តកណ្តាល បែរជានាំគ្នាបិតបាំងមិនហ៊ានធ្វើការបង្ក្រាបទៅវិញ ។
ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខាងលើ បានបើកចល័តលេងចំនួន ៣ទីតាំងផ្សេងៗគ្នា បានបើកលេងស្រែកហ៊ោ កញ្ជៀវរហឹងអឺកង ត្រង់ចំណុចដើមឈើទាល, ទួលឥន្ទ្រី និងរណ្តៅដី ហើយម្ចាស់សង្វៀនដែលហ៊ានបើកលេងល្បែងជល់មាន់ និងអាប៉ោងនេះ គ្មានខ្លាចញញើតច្បាប់នោះ គឺមានឈ្មោះ សូ ឆង ជាមន្ត្រីយោធាពាក់ស័ក្តិបួនកន្លះ មានតួនាទីជាមេបញ្ជាការ រងផ្នែកគីមីសាស្ត្រ ។
លោក ប្រិយ ដែលជាអ្នកមើលការខុសត្រូវសង្វៀនជល់មាន់បានឆ្លើយបដិសេធថា រូបគាត់មិនមែនជាមេការសង្វៀន ជល់មាន់លោក សូ ឆង ទៀតទេ ព្រោះឈ្លោះគ្នាជាមួយ តាឆង ជាង១ឆ្នាំមកហើយ បច្ចុប្បន្នគ្រាន់តែជាភ្ញៀវបីមាន់ចូលទៅ ជល់លេងធម្មតា គ្មានភាគហ៊ុន ឬពាក់ព័ន្ធក្នុងរឿងបើកសង្វៀនជល់មាន់របស់លោក សូ ឆង ។ ហើយតាឆង គាត់ធ្វើតែម្នាក់ ឯងប៉ុណ្ណេះ បញ្ហាបង់លុយទៅឱ្យសមត្ថកិច្ចជារឿងផ្ទៃក្នុងរបស់(តាឆង)ខ្លួនគេមិនបានដឹងទេ ។
ប្រភពពីអ្នកញៀនល្បែងជល់មាន់បានបង្ហើបឱ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ ជាមន្ត្រីយោធាបានអួតក្អេងក្អាងប្រាប់ អ្នកមកលេងជល់មាន់កន្លែងរបស់គាត់កុំឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពអី ព្រោះគាត់សុំថ្នាក់លើអស់ហើយទាំងប៉ូលិស ប៉េអឹម ព្រះរាជអាជ្ញា រហូតចៅហ្វាយខេត្តទៀតនោះ ។ ប្រភពបន្តទៀតថា លោក សូ ឆង បើកជល់មាន់ជារៀងរាល់ថ្ងៃមាន ទាំងខ្នាយដែក ខ្នាយអំពុង និងខ្មងក្នុង ១គូរដកតុង ១០ម៉ឺនរៀល អាំងសាវ (អ្នកស៊ីសង)ក្នុង ១០ម៉ឺនរៀល ដក១ម៉ឺនរៀល ទៀត ដូច្នេះរកចំណូលបានរាប់ម៉ឺនដុល្លារក្នុង១ខែៗ ។
ប្រភពបន្តថា សង្វៀនជល់មាន់ខាងលើមានលក់ដូរគ្រឿងហូបចុកគ្រប់គ្រាន់ដល់អ្នកលេងមិនឱ្យលំបាកឡើយ ហើយអ្នកលក់ដូរមានបាយ នំបញ្ចុក ទឹកសុទ្ធ កាហ្វេត្រូវបង់លុយប្រចាំខែឱ្យលោក សូ ឆង សម្រាប់ឱ្យសមត្ថកិច្ចគ្រប់ផ្នែករួម ទាំងប៉ុស្តិ៍រដ្ឋបាល អធិការស្រុក និងអាវុធហត្ថលោក សូ ឆង អ្នកចាត់ចែងមិនដែលរំលងសោះឡើយ ទើបគាត់បានសុខស្រួលបែបនេះ ។
លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ករណីលោក សូ ឆង បើក សង្វៀនជល់មាន់ ហេតុអ្វីមិនបង្ក្រាបនោះ លោកឆ្លើយមិនទាន់ដឹងដែរ និងមិនទាន់ទទួលព័ត៌មានដែរ ។ លោកបន្តថា ករណី ល្បែងស៊ីសង ទើបតែប្រជុំដាក់ផែនការទៅអធិការ និងប៉ុស្តិ៍ទៅឃ្លាំងមើលរាល់ថ្ងៃ និងបានហាមដាច់ខាតកុំឱ្យមានល្បែងស៊ី សងក្នុងទឹកដីខ្លួននិមួយៗ កុំឱ្យមានល្បែងស៊ីសងឱ្យសោះប្រសិនបើមានត្រូវទទួលខុសត្រូវខ្លួនឯង ។
លោកស្នងការបានបញ្ជាក់ទៀតថា ករណីលោក សូ ឆង លួចជល់មាន់នេះនឹងចាត់កម្លាំងពីខេត្តឱ្យចុះពិនិត្យមើល ឥឡូវដើម្បីមានវិធានការភ្លាមៗ ប៉ុន្តែមិនទាន់ដឹងនៅកន្លែងណាទៀតពេលនេះ ប៉ុន្តែប្រជាពលរដ្ឋ មន្ត្រីរាជការ គ្មានជំនឿជាក់ វិធានការរបស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបសង្វៀនជល់មាន់របស់ សូ ឆង បានឡើយ ព្រោះខ្លាចបែកឆ្នាំងបាយ ។
តាមការបង្ហ៊ើបប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាល ខេត្តកំពង់ឆ្នាំងប្រាប់ថា ករណីពាក់ព័ន្ធ សង្វៀនជល់មាន់របស់លោក សូ ឆង ត្រូវបានគេដាក់បណ្តឹងទៅដល់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃអស់ហើយ មានទាំងឈ្មោះអ្នកពាក់ព័ន្ធក្នុងការយកលុយចំនួនលុយត្រូវបង់ព្រមទាំងឈ្មោះម្ចាស់សង្វៀន និងមេការមើលខុសត្រូវក្នុងវង់ ល្បែងនេះ ដើម្បីសុំអន្តរាគមន៍ និងវិធានការតាមផ្លូវច្បាប់ ៕



