




MC: ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពង្រឹងវិធានការគ្រប់គ្រងសន្តិសុខសង្គម ឱ្យកាន់តែល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមវិនិយោគិនជាតិ អន្តរជាតិ ដែលកំពុងរស់នៅប្រកបអាជីវកម្ម នៅក្នុងខេត្តទេសចរណ៍វប្បធម៌មួយនេះ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដាក់ផែនការដល់អធិការក្រុងស្រុក ក៏ដូចជាមេប៉ុស្តិ៍នៅទូទាំងខេត្តសៀមរាប ឱ្យអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសអ្នកទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តនេះ។
លោកបានបន្តថា កម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តសៀមរាប បានប្រចាំការសម្រាប់ការងាររបស់ខ្លួន២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងការដើរល្បាត និងការផ្ដល់សេវាសាធារណៈផ្សេងៗ និងការដាក់បញ្ចូលនូវប្រព័ន្ធទូរស័ព្ទ hot line នៅតាមទីសាធារណៈ តាមផ្ទះសំណាក់ ឬ តាមសណ្ឋាគារ និងរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតប ឬ កិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា ក្នុងពេលដែលមានបញ្ហាមិនប្រក្រតីផ្សេងៗ ដូចជា បទល្មើសចោរឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ដែលកើតឡើងក្នុងខេត្ត។ លោកបន្ថែមទៀតថា ការពង្រឹងវិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមវិនិយោគិនជាតិ អន្តរជាតិនេះមានសារៈសំខាន់ណាស់ ព្រោះវាផ្ដល់ភាពកក់ក្តៅជូនដល់ពួកគាត់ ឱ្យមកវិនិយោគឬក៏បំពេញការងារផ្សេងៗនៅក្នុងខេត្ត ប្រកបដោយសុវត្ថិភាព។
លោកថ្លែងដូច្នេះថា៖«គឺយើងធ្វើការផ្សព្វផ្សាយនិងចែកលិខិតទៅកាន់ម្ចាស់សណ្ឋាគារឬក្រុមហ៊ុនឯកជនផ្ទះសំណាក់និងទីតាំងអាជីវកម្មគ្រប់ប្រភេទដែល មានម្ចាស់ជាជនជាតិខ្មែរឬជនបរទេសដែលរស់នៅក្នុងទឹក ដីខេត្តសៀមរាបនេះដើម្បីធ្វើការអន្តរាគមន៍បានទាន់ពេលវេលា នៅពេលដែលពួកគាត់មានលេខទូរសព្ទរបស់កងកម្លាំងយើង នេះ។ហើយជាប្រចាំយើងក៏បានត្រួតពិនិត្យរុករកអាវុធគ្រឿងផ្ទុះនៅតាមភូមិសាស្រ្តមួយចំនួនដែលអាចនឹងបង្កបញ្ហាផ្សេងៗកើតឡើង ហើយយើងក៏បំផុសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរាយការណ៍អំពីសកម្មភាពល្មើសច្បាប់ទាំងឡាយនោះហើយយើងក៏បានធ្វើការចូលរួមបំផុសចលនាប្រជាការពារដែលជាជំនួយសមត្ថកិច្ច ដើម្បីធ្វើការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ហើយយើងក៏បើកទ្វារទៅរដ្ឋបាលប៉ុស្តិ៍ ២៤ម៉ោងលើ ៧ ថ្ងៃដើម្បីទទួលព័ត៌មាននិងពាក្យបណ្ដឹងផ្សេងៗពីប្រជាពលរដ្ឋហើយក៏សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីការពារតំបន់រមណីយដ្ឋានដែលជាកន្លែងទស្សនកិច្ចរបស់ភ្ញៀវជាតិនិងអន្តរជាតិ»។
លោកបានបញ្ជាក់ថា ក្រៅពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថសឹករងខេត្តដែលជាកម្លាំងក្នុងចំណុះគណៈបញ្ជាការឯកភាពខេត្តសៀមរាប រួមទំាងមានអង្គភាពពីរដែលស្ថិតនៅក្រោមចំណុះ អគ្គស្នងការនគរបាលជាតិ នៅក្នុងទឹកដីខេត្តសៀមរាប ដោយ ទី១គឺនាយកដ្ឋានការពារបេតិកភណ្ឌ និងទី២ គឺនគរបាលទេសចរណ៍ បានធ្វើការយ៉ាងស្អិតល្មួតជាមួយកងកម្លាំងនគរបាលខេត្តសៀមរាបក្នុងការថែរក្សាសុខសុវត្ថិភាព ជូនភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាការថែរក្សាកន្លែងមណ្ឌលវប្បធម៌ឬក៏ទីកន្លែងប្រាសាទនានានៅក្នុងខេត្តសៀមរាប៕



