ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធី ផ្តល់ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឥតគិតថ្លៃដល់កសិករដែលខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ ឆ្នាំ២០២១ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
(បាត់ដំបង)÷នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឥតគិតថ្លៃដល់កសិករដែលខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ ឆ្នាំ២០២១ ដើម្បីស្តារឡើងវិញនៅក្នុងស្រុកថ្មគោល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ។
យោងតាមរបាយការណ៍របស់ លោក ជា សម្បតិ្ត អភិបាលស្រុកថ្មគោលបានមានប្រសាសន៍ថា ចាប់ពីដើមខែមករា ដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១ ស្រុកថ្មគោលទទួលទឹកភ្លៀងសរុប ៤៨ថ្ងៃ ស្មើនឹង ១,០១២មីលីម៉ែត្រ មានការថយចុះធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០ ធ្វើឲ្យដំណាំស្រូវ ៤,៧៦២គ្រួសារ បានរងផលប៉ះពាល់ខូចខាតដោយគ្រោះរាំងស្ងួត តែប្រជាពលរដ្ឋធ្វើការដាំដុះស្ដារឡើងវិញដោយប្រើប្រាស់ពូជស្រូវផ្ទាល់ខ្លួន ។ ដោយឡែកនៅចុងខែកញ្ញាកន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួន ៨,៨២២ហិកតា ក្នុងនោះធ្វើឲ្យខូចខាតសរុបដោយជំនន់មានចំនួន ៤,១៨៨ហិកតា មានគ្រួសារកសិករចំនួន៣,២៣៧គ្រួសារ ។ លោក អភិបាលស្រុកបានបន្តទៀតថា ចំណែកការចែកជូននាពេលនេះ គឺចែកជានិមិត្តរូបចំនួន១១០គ្រួសារ មកពី៥ភូមិ នៃឃុំតាម៉ឺន មានផ្ទៃដីខូចខាត១៣១ហិកតា និងធ្វើការចែកជូនជាបន្តបន្ទាប់ទៀតជាជំហ៊ានៗ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជានិច្ចជាកាលតែងតែគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ ដោយសារកត្តាផ្សេងៗដូចជាកត្តាគ្រោះធម្មជាតិ គ្រោះទុរភិក្ស ជាដើម ដើម្បីជួយសម្រាលបន្ទុកលំបាករបស់ប្រជាពលរដ្ឋ ដើម្បីស្ដារលទ្ធភាពជីវភាពឲ្យបានទាន់ពេលវេលា បើទោះបីសព្វថ្ងៃនេះរដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានបញ្ជាក់ឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈ ដើម្បីទទួលនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ដូសទី៣ ដែលជាដូសជំរុញ ដែលនឹងធ្វើការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលឆាប់ៗខាងមុខ ។
ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានមានប្រសាសន៍សុំការអធ្យាស្រ័យពីសំណាក់ប្រជាកសិកររងគ្រោះទាំងអស់ ដោយការចែកជូនជាគ្រាប់ពូជស្រូវនេះ ជាជំហ៊ានដំបូងគឺយើងនឹងធ្វើការចែកជូនដល់អ្នកដែលខ្វះលទ្ធភាពលំបាកខ្លាំងជាមុន ដើម្បីឲ្យពួកគាត់អាចស្ដារឡើងវិញបានកាន់តែឆាប់រហ័ស ហើយនឹងធ្វើការចែកជូនដល់កសិករជាជំហ៊ានបន្តបន្ទាប់ទៀត ទៅតាមភូមិឃុំ ដែលរងការខូចខាតដោយសារទឹកជំនន់ផងដែរ ៕




