សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលឃើញកុមារបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចមានមោទនភាពដែលបានឃើញកុមារ ចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច។
តាមរយៈហ្វេសបុក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបកុមារម្នាក់ ដោយលើកឡើងថា «ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។
សម្តេចបានបន្តថា ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សម្តេចបានជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើន និងរៀនសូត្របានល្អ។
បើតាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដែលចូល Comment នៅលើហ្វេសបុករបស់សម្តេចបានបញ្ជាក់ថា កុមារដែលសម្តេចបានបង្ហោះនេះ មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕









