លោក កែវ រ៉េមី៖ មន្ត្រីសិទ្ធិមនុស្សកម្ពុជា ដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងដំឡើងឋានៈសុទ្ធតែជាធនធានមានសមត្ថភាព
(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា សមជិក សមាជិកាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងដំឡេីងឋានៈ គឺសុទ្ធតែជាធនធានដែលមានសមត្ថភាព និងសកម្មការងារគួរជាទីកត់សម្គាល់។
ការអះអាងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រះរាជក្រឹត្យ លេខ នស/រកត/១០២១/៧៤៣ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាជិក សមាជិកាថ្មី និងការដំឡើងឋានៈជូនសមាជិក សមាជិកានៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអនុក្រឹត្យ លេខ៤៩៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ដីពីការតែងតាំងមន្ត្រីរាជការ។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្នុងកិច្ចប្រកាសនេះ លោក កែវ រ៉េមី ក៏បានណែនាំដល់សមាជិក សមាជិកាថ្មី ក៏ដូចជាមន្ត្រីរាជការទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាពប្រឹងប្រែងបំពេញការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងបន្តរក្សាប្រពៃណី សាមគ្គីគ្នា ដែលធ្វើឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបាននូវសមិទ្ធផលថ្មីៗគួរជាទីមោទនៈ។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ថ្មីនេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងតម្លើងឋានៈដល់សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី, អនុរដ្ឋលេខាធិការ និងអគ្គនាយក សរុបចំនួន១៨រូប។
បន្ថែមពីនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យតែងតាំង និងផ្តល់ឋានៈសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន២រូប ដែលមានឋានៈស្មើប្រធាននាយកដ្ឋានផងដែរ៕










