រដ្ឋបាលខេត្ដកំពង់ធំ បន្តផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងសកម្មភាពមុខរបរក្លឹបកម្សាន្ត ខារ៉ាអូខ រង្គសាល ឌីស្កូតក បៀហ្គាឌិន និងម៉ាស្សា រយៈពេល២សបា្តហ៍ទៀត
(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ បានចេញសេចក្តីសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នពិសារគ្រឿងស្រវឹង និងសកម្មភាពមុខរបរក្លឹបកម្សាន្ត ខារ៉ាអូខ រង្គសាល ឌីស្កូតក បៀហ្គាឌិន និងម៉ាស្សា រយៈពេល ២សបា្តហ៍ទៀត ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន ទទួលបាន។
រដ្ឋបាលខេត្ដ បានបញ្ជាក់ថា «ត្រូវអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានថិរវេលាអនុវត្តរយៈពេល ២(ពីរ)សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១»។
រដ្ឋបាលខេត្ដបានបន្ដថា ត្រូវផ្អាកជាបណ្តោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន គូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹងទាំងអស់។
បន្ថែមពីនេះទៀត ត្រូវផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ និងការប្រមូលផ្តុំ ឬការជួបជុំគ្នាច្រៀង ឬរាំកម្សាន្ដ៕
ខាងក្រោមនេះជា សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ធំ៖





