
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាត សម្ភារៈប្រើប្រាស់អស់ទាំងស្រុង
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យឆេះខូចខាតសម្ភារៈប្រើប្រាស់ អស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ១៧៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅខាង ក្នុងផ្ទះ ខូចខាតសម្ភារៈ ឆេះប្រភេទសំណងថ្មបេតុង ៤ម៉ែត្រ គុណ ៤ម៉ែត្រ ខូចខាតសម្ភារៈឆេះរបស់ប្រេីប្រាស់អស់ទាំងស្រុង នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។


សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យសរុបទាំងអស់ ចំនួន ៧គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ចំនួន ៣ឡាន ស្មេីនឹង ១២ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល២៥នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅព្រឹក នាថ្ងៃខែឆ្នាំដដែល៕






