ប៉ៃលិន ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត លោក- លោកស្រីប្រធាន អនុប្រធានមន្ទីរ និង មន្ត្រីរាជការមួយចំនួនទៀត បាននាំយកអង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួនទៀត ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួនជាង៣០០គ្រួសារ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។អង្ករដែលបានយកទៅចែកជូនប្រជាពលរដ្ឋនាពេលនោះ សរុបចំនួន២តោន ដែលជាអំណោយរបស់ព្រះសង្ឃចិន ព្រះនាម សិ លៀនជឺ ។
ចំណែកថវិកានិងទឹកសុទ្ធអង្គរពូរ៉ូចំនួនជាង៣០០កេះនិងថវិកាជាអំណោយរបស់សាលាខេត្តប៉ៃលិនដោយប្រជាពលរដ្ឋម្នាក់ៗទទួលបានទឹកសុទ្ធមួយកេះ,អង្ករ១០គីឡូក្រាមនិងថវិកា១០០០០រៀល។ដោយឡែកប្រជាពលរដ្ឋដែលមិនទទួលបានអង្ករ លោកជំទាវ ជា លាភ បានផ្តល់ជូនថវិកាចំនួន២០០០០រៀលបន្ថែមទៀត។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិយើងមានសុខ សន្តិភាព ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងមានឱកាសប្រកបរបរចិញ្ចឹមជីវិតដោយសេរី ត្រឹមត្រូវ ហើយយើងតែងតែជួយគ្នាក្នុងពេលជួបគ្រាក្រលំបាក។ នៅក្នុងឱកាសនេះ យើងមានការជួយឧបត្ថម្ភពីព្រះសង្ឃនៃប្រទេសចិន អាជ្ញាធរខេត្ត បានពាំនាំនូវអំណោយមួយចំនួនបន្ថែមទៀត មកចែកជូនដល់ប្រជាពលរដ្ឋយើង នាពេលនេះ ដើម្បីសំរួលដល់ជីវភាពរស់របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្ទឹងត្រង់នេះ។
ទោះបីអំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ!សប្បុរស់ជន ក្នុងការចូលរួមដោះស្រាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ក៏បាននែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវឧស្សាហ៍ព្យាយាមខិតខំបង្ករបង្កើនផល ដាំដំណាំចិញ្ចឹមសត្វលើកស្ទួយជីវភាពគ្រួសារ ហើយមិនត្រូវនាំគ្នាលេងល្បែងស៊ីសង សេពគ្រឿងស្រវឹង បង្ករអំពើហឹង្សាក្នុងគ្រួសារឡើយ ហើយត្រូវណែនាំបង ប្អូន កូនចៅទាំងអស់អោយជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន ។
បងប្អូនប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងពេលបើកបរម៉ូតូឡាន យានជំនិះសព្វបែបយ៉ាង មិនត្រូវបើកហួសល្បឿនកំណត់ មិនត្រូវបើកបរក្នុងសភាពស្រវឹងស្រាបើកបរត្រូវគោរពសិទ្ធអាទិភាពអ្នកដទៃ ។
ឯកឧត្តម កើត សុធា ក៏បានណែនាំសូមអោយប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណត្រូវប្រញាប់ធ្វើអោយបានរូសរាន់ ដើម្បីបំពេញកាព្វកិច្ចប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ ២០១៧ ខាងមុខនេះ ព្រោះបើគ្មានអត្តសញ្ញាណប័ណ្ណគំរូថ្មីទេ គឺយើងមិនអាចចុះឈ្មោះបោះឆ្នោតនិងមិនអាចបោះឆ្នោតបានឡើយ គឺមានន័យថាយើងបានបាត់បង់សិទ្ធិក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្តរួចទៅហើយ ៕
ស សារឿន


