ស្ទឹងត្រែង៖ ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៥គ្រួសារ មានទំនាស់រ៉ាមវៃជាង១០ឆ្នាំមកហើយ ជាមួយយោធភូមិភាគទី១ ដោយពុំទាន់មានដំណោះស្រាយនៅឡើយ ស្ថិតនៅចំណុចគីឡូលេខ៣ ភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
នៅជុំវិញក្នុងរឿងនេះផងដែរ លោក ម៉ែន គង់ នាយរងរដ្ឋបាលនិងជាអ្នកនាំពាក្យរបស់សាលាខេត្តស្ទឹងត្រែងបានប្រាប់ឪ្យដឹងថា រឿងឯកសារទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ជាមួយយោធភូមិភាគទី១ ដែលស្ថិតនៅចំណុចគីឡូលេខ៣ ក្នុង ភូមិរាជានុកូល ខាងលើនោះ គឺបានទៅដល់ដៃរបស់តុលាការហើយ តែបើតាមលោកដឹងប្រជាពលរដ្ឋ ក៏បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដល់ថ្នាក់លើហើយដែល ក៏ប៉ុន្តែនៅពេលកន្លងមក ក៏លោកបានទទួល ឯកសារមួយចំនួនពីថ្នាក់ជាតិត្រឡប់មកវិញ ដើម្បីឪ្យខេត្តធ្វើការពិនិត្យពិចារណាធ្វើការដោះស្រាយ ទៅលើករណីនេះឡើងវិញ ។ លោកបានបន្តទៀតថា ឯកសាររឿងរ៉ាវទំនាស់ដីលំនៅដ្ឋានវាបានទៅដល់ដៃតុលាការហើយ ផុតពីសមត្ថកិច្ចរបស់អាជ្ញាធរ ឥឡូវនេះអត់មានអ្វីទេមានតែយកឯកសារពីថ្នាក់ជាតិដែលបានចារមកឪ្យខេត្តវិញ គឺត្រូវធ្វើការត្រួតពិនិត្យមើលសំណំុឯកសារហ្នឹងឡើងវិញ តាមលទ្ធិភាពនិងតាមសមត្ថកិច្ចរបស់ខេត្ត ។ លោកបានធ្វើការបញ្ជាក់ថា រឿងបញ្ហាទំនាស់ដីលំនៅដ្ឋានប្រជាពលរដ្ឋ១៥គ្រួសារនិងយោធភូមិភាគទី១ហ្នឹងវាយូមកហើយ បានផុតពីដៃអាជ្ញាធរ អីចឹងហើយបានទៅដៃតុលាការ អត់មានអ្វីមកពាក់ព័ន្ធជាមួយខេត្តទៀតទេ ដូចច្នេះហើយថ្នាក់ខេត្តមិនអាចធ្វើឪ្យខុសទៅនឹងនិតិវិធីនៃច្បាប់បានឡើយ ។
លោក សយ ហេង មេភូមិរសជានុកូលបានប្រាប់ឪ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅទាំងនោះពួកគាត់បានមករស់នៅលើទឹកដីនេះមុនលោកធ្វើជាមេភូមិ ហើយបានជាលោកចេញលិខិតស្នាមកាន់កាប់ឪ្យពួកគាត់នោះ ពីព្រោះលោកបានឃើញមានលិខិតស្នាមពីមេចាស់ៗ ដូចជា ឯកឧត្ដម មាស ហេង ឯកឧត្ដមថាវ គង់ និងឯកឧត្តម ហេង ខាំវណ្ណ ដែលគាត់ទើបនឹងស្លាប់ទៅពេលថ្មីៗនេះ ហើយប្រជាពលរដ្ឋទាំង១៥គ្រួសារនេះ មិនមែនមករស់នៅលើដីខុសច្បាប់ដូច ឯកឧត្ដមបានថានោះទេ ពួកគាត់មានលិខិតស្នាក់នៅរួមនឹងសៀវភៅគ្រួសារនិងមានសំបុត្រកំណើតព្រមទាំងមានលិខិតកាន់កាប់ដីលំនៅដ្ឋាននេះចាប់តាំងពីមេយុទ្ធភូមិភាគចាស់រហូតដល់មេភូមិមេឃុំ ដោយមានឯកសារគ្រប់គ្រាន់ ហើយណាមួយពួកគាត់សុទ្ធតែអតីតៈយោធិនរំសាយនិងយោធិនបានកាត់ចេញពីទ័ពដោយគ្មានមូលហេតុ ខ្លះបញ្ជូនទៅខេត្តឆ្ងាយៗពីគ្រួសារដោយសាររឿងដីធ្លីដែលពួកគាត់បានរស់នៅ ។
ស្ត្រីចំណាស់ម្នាក់វ័យជាង៤០ឆ្នាំ បានរាបរាប់ទាំងអួលដើមកថា ពួកគាត់ចូលមករស់នៅចាប់តាំងពីឆ្នាំ១៩៩០ និងអ្នកខ្លះទៀតមករស់នៅឆ្នាំ១៩៩៣ មានរយៈពេលជាង២០ឆ្នាំមកហើយ ដោយមានជាកូនជាចៅ ខ្លះបានរស់នៅបែកផ្ទះសំម្បែងបន្តបន្ទាប់គ្នា ដោយមានការចង្អុលបង្ហាញពីមេភូមិភាគចាស់ឪ្យមករស់នៅលើដីភូមិភាគនេះ ហើយក៏បានធ្វើនូវក្រដាសស្នាមប្រគល់ឪ្យដោយបញ្ជាក់ថា បានមករស់នៅទីនេះដោយស្របច្បាប់ ។
ស្ត្រីវ័យចំណាស់នោះបានប្រាប់បន្តទៀតថា ក្រោយមក មកដល់ឆ្នាំ២០០៥ ពួកគាត់បានឃើញច្បាប់ភូមិបាលបានចេញជាចរាចរណ៍លេខ០០១របស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលវាលស្បែកខ្លាថា ប្រជាពលរដ្ឋណា ដែលបានមករស់នៅលើទឹកដីដែលខ្លួនបានរស់នៅរយៈពេល ៥ ឆ្នាំ នឹងជាដីរបស់កម្មសិទ្ធិផ្ទាល់ខ្លួន ! នៅដើមឆ្នាំ២០០៦ ស្របពេលដីមានហាងឆេងត្រូវប៉ាន់មានតំម្លៃ ស្រាប់តែលោកមេភូមិភាគដែលទើបនិងឡើងថ្មីមានឈ្មោះ ហួត ឈៀង បានបញ្ជាឪ្យលោក ហេង ខាំវណ្ណ កាលគាត់នៅរស់និងលោក បា ហ៊ុង លោក ឯក ចេតនា ជាមេបញ្ជាការរងនឹងជានាយសេនាធិការរងដឹកនាំកម្លាំងជាង១០នាក់ កាន់កាំបិតខ្វាវគ្រប់ដៃនិងម៉ាស៊ីនត្រង់សឺន័រ មកបណ្តេញពួកគាត់ និងកាប់បំផ្លាញដំណាំចោលអស់គ្មានសល់ ដោយពួកគាត់មានការភ័យខ្លាចបានរត់ទៅប្រាប់ខាងស្រុកឪ្យជួយ ស្រុកអត់ហានជួយ
ក៏បានប្តឹងទៅដល់ខេត្ត ខេត្តអត់បានឆ្លើយតប ក៏បានទៅរកតុលាការឪ្យជួយ ហើយក៏បានដូចចិត្ត ដោយកាលនោះមានលោក សោ សាវុធ ជាប្រធានតុលាការខេត្តស្ទឹងត្រែង លោកបានចេញដេការហាមឃាត់មិនឪ្យខាងភូមិភាគ ធ្វើអ្វីលើដីដែលពួកគាត់កំពុងរស់នៅ និងមិនឪ្យភាគគីទាំងសងខាងសាងសង់លក់ឫទិញ នៅលើដីទំនាស់នោះឡើយ រងចាំការដោះស្រាយពីមន្ទីររៀបចំដែនដីនគររូបណីយកម្មនិងសំណង់ស្រុកនិងខេត្ត ។ ក្រោយមកខាងភូមិភាគទី១ គេបានរំលោភលើដេការហាមឃាត់របស់តុលាការ បានសាងសង់អាគារ ហើយបានយកដីពួកគាត់អស់ពាក់កណ្តាលចំនួន៣គ្រួសារ ដោយបានដាក់ដាំបង្គោលរបង និងដាំចេក ក៏បានដករបងនិងដំណាំពួកគាត់ចោលទៀត រហូតមានការប្រតាយប្រតប់គ្នា ហើយបានប្រមាថពួកគាត់ដាក់គុកដាក់ច្រវ៉ាក់ទៀតផង ។
ជាចុងក្រោយពួកគាត់ធ្វើការអំពាវវនាវនិងសំណូមពរទៅដល់ក្រសួងយុត្តិធម៌ ក៏ដូចរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សូមលោកទាំងពីរមេត្តាជួយរកភាពយុត្តិធម៌ឪ្យប្រជាពលរដ្ឋដែលរងទុក្ខចំនួន១៥គ្រួសារ ដែលមានរឿងទំនាស់ដីលំដ្ឋានដល់រ៉ាមរៃជាមួយយោធភូមិភាគទី១ ធ្វើការដោះស្រាយមកឪ្យពួកគាត់វិញផង មានតែលោកទាំងពីរទេជាម៉ែជាឪ និងជាម្លប់ដ៏ត្រជាក់សំរាប់កូនចៅ ទូទាំងប្រទេស ។ មានតែពឹងសម្តេចទាំងពីរនាក់ទេ ដែលអាចជួយបាន ជួយពន្លឿនខាងតុលាការ ក្នុងការកាត់ក្តីឪ្យបានលឿននិងមានភាពយុត្តិធម៌ ជូនដល់ពួកគាត់ក្នុងពេលឆាប់ៗនេះ ព្រោះអីសព្វថ្ងៃនេះសំណុំរឿងទាំងអស់នោះកំពុងស្ថិតនៅក្នុងកណ្តាប់ដៃ របស់តុលាការកំពូល លើកនេះជាទឹកចុងក្រោយហើយ ដោយសារនៅតុលាការសាលាដំបូងខេត្តស្ទឹងត្រែង និងតុលាការសាលាឧទ្ធរណ៍បានកាត់ឪ្យពួកគាត់ចាញ់ក្តី ដោយមានការលួចឃុបឃិតគ្នាជាមួយមេយោធិភូមិភាគទី១ ពេលធ្វើការកាត់ក្តីសម្រេច ឪ្យធ្វើការចុះស្រាវជ្រាវសីុបអង្កេតឪ្យបានត្រឹមត្រូវច្បាស់សាល់ផងមុននឹងសម្រេចក្តីឪ្យពួកគាត់ចាញ់ ៕





