អស់រយៈពេល២០ថ្ងៃមកហើយ នឹងបង្ក្រាបបទល្មើសព្រៃឈើ ដែលគណៈកម្មការថ្នាក់ជាតិ ទប់ស្តាត់បានបង្កើតឡើងដើម្បីបញ្ឈប់ការរត់ពន្ឋឈើគ្រប់ប្រភេទទៅបរទេស ក្រោយការបង្កើនគណៈកម្មការនេះ ត្រូវគេមើលឃើញថា បានរកឃើញឈើ មិនមានភាពប្រក្រតីរាប់ម៉ឺនម៉ែត្រគូប តាមបណ្តាលក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចនានា ដែលបានធ្វើសកម្មភាពតាមខេត្ត នាភូមិភាគឦសាន ប៉ុន្តែអ្នកពាក់ព័ន្ឋបទល្មើសព្រៃឈើ រហូតឈានដល់វិនាសសកម្មនោះ មិនទាន់ត្រូវបានសមត្ថកិច្ចជំនាញវែកមុខ ឬចាប់ចងឡើងតុលាការតាមផ្លូវច្បាប់នៅឡើយទេ ។
ការចុះត្រួតពិនិត្យនឹងឆែកច្បាប់តាមក្រុមហ៊ុនធំៗដែលល្បីឈ្មោះជាយូរឆ្នាំ នៅខេត្តមណ្ឌលគិរីគណៈកម្មការថ្នាក់ជាតិ ក៏បានរកឃើញឈើហុប ឈើអារឡាំង ឈើគ្រឿងផ្ទះ នឹងឈើប្រណិត មិនតិចម៉ឺនម៉ែត្រគូបដែរ តើជារបស់អ្នកណា? សំនួរនេះ គឺគេតែងឮប្រជាពលរដ្ឋស្រែកសួរមិនឈប់ទៅមន្ត្រីជំនាញ សួរទៅអាជ្ញាធរខេត្ត ចម្លើយនោះគឺថា គ្មានអ្នកណាដឹងទេ ទាល់តែទៅសួរឈើដែលដួលពេញដីទាំងនោះទើបដឹងថា ជារបស់អ្នកណា ព្រោះគេចេះសហការគ្នាលាក់ជិតល្អណាស់ មិនបាច់ចង់ដឹងទេ។
ឈើដែលមានភាពមិនប្រក្រតីតាមក្រុមហ៊ុនក្នុងខេត្តមណ្ឌលគិរី បើគេចុះពិនិត្យកាលពី៤-៥ឆ្នាំមុន មិនមែនមានចំនួនត្រឹមម៉ឺនម៉ែត្រគូបទេ គឺរាប់លានម៉ែត្រគូបឯណោះ ព្រោះក្នុងក្រុមហ៊ុនមួយៗដែលធ្លាប់ដឹកឈើចេញទៅក្រៅប្រទេស ក្នុងមួយថ្ងៃមិនតិចជាង១០គ្រឿងឡើយក្នុងមួយក្រុមហ៊ុន ហើយឈើទាំងនោះភាគច្រើនជាឈើខុសច្បាប់ ព្រោះឈើដែលមានច្បាប់គេ ទុកគរនៅលើដីក្រុមហ៊ុនសិន ដើម្បីបង្អួតដល់មន្ត្រីជំនាញ ដើម្បីបំភ័ន្តភ្នែកប្រជាពលរដ្ឋ បន្លំថវិការបង់ចូលរដ្ឋ ព្រោះបើថៅកែទាំងនោះបង់ចូលរដ្ឋគ្រប់ចំនួន ខ្លាចរដ្ឋរបស់យើង«មាន» ហើយគេចំនេញតិច ចឹងមានតែលេងស្នៀត កន្លេលធំបន្លំដេក ទើបឆាប់បានងារជា ឧកញ៉ា។
ការកាប់ឈើក្រៅដែនដីក្រុមហ៊ុនវិនិយោគសេដ្ឋកិច្ច រួចដឹកយកមកដាក់ជាមួយឈើមានច្បាប់ នៅខេត្តមណ្ឌលគិរីវាជារឿងសាមញ្ញណាស់ សូម្បីកូនក្មេងក៏ដឹងរឿងនេះដែរ តែចម្លែកត្រង់ថាអាជ្ញាធរស្រុក អាជ្ញាធរខេត្ត នឹងមន្ត្រីជំនាញ ដូចជា ខណ្ឌរដ្ឋបាលព្រៃឈើ នឹងមន្ទីរបរិស្ថាន បែរជាមិនដឹង(sic) ហើយនៅពេលមានប្រជាពលរដ្ឋរាយការណ៏ ជូនអស់លោកៗបានត្រឹមនិយាយថា ចាំឲ្យមន្ត្រីចុះទៅមើល ។ ការចុះទៅមើលនោះ ពិតជាចុះមើលមែន គឺចុះទៅរាប់ក្បាលឡាន ចុះទៅរាប់ថ្ងៃដែលត្រូវបង់ខែ ជូនហោប៉ាវមេៗ បើមិនជូនដល់ហោប៉ាវទេ ចាំមើលណា មេនឹងចាប់យកស្នាដៃជាមិនខាន។
ព្រៃឈើនៅខេត្តមណ្ឌលគិរីមិនចាញ់ព្រៃឈើដែលមាននៅតំបន់ព្រៃឡង់ទេ គឺមានទំហំធំណាស់ រាប់សែនរាប់លានហិចតា តែការកាប់បំផ្លាញក៏មិនធម្មតាដែល បើតាមរបាយការណ៏ក្រៅផ្លូវការក្នុងមួយឆ្នាំៗ មានការកាប់រានយកដីព្រៃរាប់រយហិចតា ការកាប់យកឈើប្រណិត នឹងប្រភេទលេខ១ នឹងឈើចម្រុះគ្រប់ប្រភេទ រួមនឹងសត្វព្រៃ នាំចេញទៅក្រៅប្រទេស រហូតបុគ្គលមួយចំនួន បានទទួលងារជាឧកញ៉ា ដោយសារតែបានលុយពីបទល្មើសព្រៃឈើនេះឯង។
ក្រុមអ្នកមានអំនាចមួយចំនួនក្នុងខេត្តមណ្ឌលគិរី ក៏ត្រូវបានគេនិយាយតៗគ្នាថា បានជាប់ព័ន្ឋបទល្មើសព្រៃឈើដូចសម្លកំពឹសផងដែរហើយមានលោកខ្លះ កំពុងភ័យស្លេកមុខស្ទើរលេបបាយលែងចូល ដោយសារតែយុទ្ឋនាការកណ្តាប់ដៃដែក របស់ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យប្រមុខដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឋទាំងអស់ ចុះបោសសម្អាតអ្នកប្រព្រឹត្តឹបទល្មើសព្រៃឈើ ។ ចំនែកអសល់លោកមួយចំនួនទៀត ឮថា បាននឹងកំពុងរត់រកអ្នកធំឲ្យជួយ នឹងរកមេធាវីមកការពារត្រៀមមុនថែមទៀត ព្រោះ
តែ ដឹងខ្លួនឯងថា មិនអាចគេចវេសពីសំណាញ់ច្បាប់បាន ចឹងមានតែប្រថុយពឹងអ្នកដទៃសិនមើល ក្រែងរួចខ្លួនមួយគ្រា។
មានការនិយាយឆ្លងឆ្លើយគ្នាជាច្រើនតាមតុកាហ្វេពីសកម្មភាព ទ្រង់ទ្រាយធំ ដែលដឹកនាំដោយនាយឧត្តមសេនីយ៏ សៅ សុខា ថា អ្នករកស៊ីរត់ពន្ឋឈើទាំងអស់ នឹងមិនអាចរួចខ្លួនឡើយ ទោះបីមានសិទ្ធិអំណាចប៉ុណ្ណាក៏ដោយ ។ ព្រោះនាយឧត្តមសេនីយ៏បានធ្វើការទាំងយប់ទាំងថ្ងៃ នឹងមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះទីតាំងទាំងអស់ដែលបាន លួចលាក់ឈើមិនឲ្យមានការជម្លៀសចេញ ឬដុតបំផ្លាញវត្ថុតាងឡើយ។ហើយម្ចាស់ទីទាំងនោះសុទ្ឋគេ ស្គាល់អត្តសញ្ញាណអស់ហើយ នៅតែថ្ងៃឡើងជ្រុញប៉ុណ្ណោះ។
គេនៅចាំបានថា ទាំងអាជ្ញាធរខេត្តមណ្ឌលគិរី ទាំងមន្ត្រីជំនាញបរិស្ថានខេត្ត ទាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត នៅពេលអ្នកព័ត៌មានសុំការបំភ្លឺពីករណី ដឹកជញ្ជូនឈើចេញពីដែនដីខេត្តមណ្ឌលគិរី មានច្បាប់អនុញ្ញាត(PC)ដែរទេ អស់លោកសុទ្ឋតែអះអាង ថាមានច្បាប់ទាំងអស់ ទោះបីគេតាមទាន់ជាន់កែងយ៉ាងណាក៏ដោយ ក៏អស់លោកនៅតែប្រកែកដាច់ខាតថា មានច្បាប់ដែរ រហូតពេលខ្លះ មន្ត្រីទាំងនោះបានស្តីឲ្យអ្នកកាសែតថា មិចក៏ពូកែរករឿងម្ល៉េះ ឬក៏ចោតថា អ្នកកាសែតជាអ្នកកាសែតតាមស៊ីពែរ ព្រោះតែបំបែកអាថ័កំបាំងរបស់ពួកគេ។
តែយ៉ាងណាក៏ដោយ ពេលនេះប្រជាពលរដ្ឋទូទាំងប្រទេសបានដឹង បានឮអស់ហើយថា អាជ្ញាធខេត្តមណ្ឌលគិរីនឹងមន្ត្រីជំនាញពាក់ព័ន្ឋព្រៃឈើទាំងអស់ សុទ្ឋតែអសមត្ថភាពធ្វើការ ត្បិតឈើរាប់ពាន់ម៉ែត្រគូប ក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលអស់លោកធ្លាប់បាននិយាយក្តែងៗថា មានច្បាប់នោះភាគច្រើនគឺសុទ្ឋតែអត់ច្បាប់ ។
ក្រុមដែលបានរកឃើញថា មានផ្ទុកឈើខុសច្បាប់នោះ គ្រប់គ្រងដោយក្រសួងបរិស្ថានចំនួន៤ នឹងគ្រប់គ្រងដោយក្រសួងកសិកម្មចំនួន២ ហើយកំពុងធ្វើការវាស់វែងលំអិត។
ការបង្កើតឲ្យមានបទល្មើសនឹងការរត់ពន្ឋឈើយ៉ាងសម្បើមនៅខេត្តមណ្ឌលគិរីនេះ អ្នកដែលជាថៅកែជួញដូរឈើ កំពុងរស់នៅយ៉ាងសប្បាយរីករាយ ដេកសុទ្ឋតែផ្ទះវិឡា ជិះឡានទំនើបតម្លៃរាប់ម៉ឺនដុល្លា ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់ ជាពិសេសក្នុងតំបន់ដែលកើតមានបទល្មើសព្រៃឈើ គឺកំពុងរស់នៅទាំងទឹកភ្នែក ដោយសារ ធនធានធម្មជាតិ ដែលពួកគាត់ធ្លាប់អាស្រ័យផល ត្រូវបានគេកាប់បំផ្លាញខ្ទិចខ្ទីគ្មានសល់ សូម្បីសត្វព្រៃមួយក្បាលស្ទើរលែងមានវត្តមានដែរ ដោយយសារតែបាត់បងទី ជម្រករបស់វា។
យ៉ាងណាក៏ដោយ នៅតែមានការដេញដោលសួរគ្នាថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មព្រៃឈើនេះ? បើអ្នកជាប់ពាក់ព័ន្ឋបទល្មើសនេះ បានក្លាយទៅជាសមត្ថកិច្ច(សមាជិកគណៈកម្មការថ្នាក់ជាតិទប់ស្តាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ) វិញហើយនោះ ឬទុកឲ្យប្រជាពលរដ្ឋជាអ្នកទទួលខុសទៅ ព្រោះគ្មានអ្នកណាចេញមុខទេ គេយករួចខ្លួនអស់ហើយ ៕




