(ភ្នំពេញ)៖ ជនរងគ្រោះរងរបួសចំនួន ៥ នាក់ ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដនៅខណ្ឌដង្កោ ដែលបច្ចុប្បន្ន បាននិងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ឧបត្ថម្ភថវិកាដល់អ្នករងរួសទាំង៥នាក់ស្មើៗគ្នា ។
ថវិកាដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដំណើរដោយលោកលោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ នាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសាររបស់ជនរងគ្រោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) តែម្តង។
បើតាមលោក សុខ ពេញវុធ បានឲ្យដឹងថា លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង បានចាត់ឱ្យលោកនាំយកអំណោយជាថវិកាមកប្រគល់ជូនជនរងគ្រោះចំនួន៥នាក់ ដែលរងរបួស ដោយអគ្គីភ័យឆេះរាងកាយ ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ នៅខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយម្នាក់ៗទទួលបានថវិកាចំនួន២លានរៀល។
ជាមួយនិងការយកចិត្តទុកដាក់នេះដែរ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺខណៈភ្លើងកំពុងឆាបឆេះក្លឹមយ៉ាងសន្ធោសន្ធៅនោះ ឯកឧត្តម ក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងកើតហេតុផងដែរ ដើម្បីធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះចេញពីភ្លើងឱ្យបានទាន់ពេល និងពន្លត់អគ្គីភ័យឱ្យបានលឿន។
គួរបញ្ជាក់ថា ករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ)។ អ្នករងរបួសធ្ងន់ធ្ងរទាំង៥នាក់នេះ រួមមាន៖
១-ឈ្មោះ រី ប៊ុនធីម ភេទប្រុស អាយុ៣០ឆ្នាំ រលាក១០០%។
២-ឈ្មោះ សាយ ភារា ភេទប្រុស អាយុ២៦ឆ្នាំ រលាក៦៥%។
៣-ឈ្មោះ មួន មករា ភេទប្រុស អាយុ២១ឆ្នាំ រលាក១០០%។
៤ ឈ្មោះ មិន រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ រលាក១០០%។
៥-ឈ្មោះ ថេង ថៃ ភេទប្រុស អាយុ២០ឆ្នាំ រលាក៣០%។
សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកើតហេតុ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្លឹបកម្សាន្តខាងលេី មានទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់។ ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕




