(ពោធិ៍សាត់)៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តមខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងប្រតិភូមួយចំនួនទៀត បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករ ឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ដែលកំពុងជួបកង្វះខាតទឹកស្រោចស្រព ខណៈដែរពួកគាត់ធ្វើលើសផែនការ អាចនឹងប្រឈមខូចខាតទាំងស្រុង។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការសោកស្តាយ ចំពោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលទទួលរងការខូចខាត ដោយសារខ្វះប្រភពទឹកស្រោចស្រព និងដោយសារតែបងប្អូនអនុវត្តលើសផែនការ។ ស្ថិតក្នុងស្ថានភាពនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជាប់ជាប្រចាំ ជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាប្រឈម បើទោះបីជាមានការកង្វះទឹកស្រោចស្រព ដែលអាចប្រឈមនឹងការខូចខាតដំណាំស្រូវទាំងស្រុងក្តី។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពិនិត្យឃើញថា ដំណាំស្រូវក្នុងឃុំស្វាយដូនកែវ ចំនួន៩២៦ហិកតា លើ៤៨៤គ្រួសារ (ស្មើនឹង១០ភូមិ) មិនអាចសង្គ្រោះបានឡើយ និងដំណាំស្រូវក្នុងឃុំអូរតាប៉ោង ចំនួន៧៧ហិកតា លើ៣៦គ្រួសារ (ស្មើនឹង២ភូមិ) ក៏មិនអាចសង្គ្រោះបានដែរ នេះដោយសារមិនមានប្រភពទឹក ដែលអាចជួយអន្តរាគមន៍ជួយសង្គ្រោះបាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការឱ្យរាជរដ្ឋាភិបាល ឯកឧត្តម នឹងលើកសំណើទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្តុកទឹកគ្រប់គ្រាន់ ឈានបញ្ជូនទៅដំណាំស្រូវរបស់កសិករ ក្នុងឃុំដែលប្រឈមនឹងកង្វះទឹក ជាក់ស្តែងដូចជាឃុំខាងលើនេះ។ អំឡុងពេលចុះពិនិត្យ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានពន្យល់ដល់បងប្អូនប្រជាកសិករ នូវការគិតគូររបស់រាជរដ្ឋាភិបាល គឺតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំចងក្រងបង្កើត ជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យកសិករដោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ថែមទាំងអនុញ្ញាតឱ្យកសិករជាសមាជិកនីមួយៗ សល់ពេលវេលាសម្រាប់យកទៅបង្កើនប្រាក់ចំណូលផ្សេងៗទៀត ឬទទួលបានកម្រៃបន្ថែម ពីការជួលជាកម្លាំងពលកម្ម ជូនសហគមន៍វិញផងដែរ។
ឯកឧត្តមខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា សម្រាប់ការបង្កបង្កើនផលស្រូវ លើកទី១នេះ គឺយើងបានអន្តរាគមន៍ទៅលើ ៣ស្រុក និងក្រុង១។ ចំពោះស្រុកបាកាន ជាក់ស្តែងឃុំស្វាយដូនកែវ គឺជាឃុំប្រឈមខ្លាំង ដែលធ្វើឱ្យដំណាំស្រូវរបស់ពួកគាត់ អាចនឹងខូចខាតទាំងស្រុង ព្រោះគ្មានប្រភពទឹកអន្តរាគមន៍។ ឯកឧត្តម បានបន្តថា ឥឡូវនេះយើងបានឃើញពីបញ្ហាប្រឈមទាំងអស់នោះ ហើយឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម គឺមានការយកចិត្តទុកដាក់ខ្ពស់ ជាមួយបងប្អូនប្រជាកសិករ ធ្វើយ៉ាងណាស្តារស្ទឹងស្វាយដូនកែវ និងប្រឡាយមួយចំនួន ដើម្បីបើកមុខទឹកអន្តរាគមន៍ទឹកពីខាងក្រោម កុំឱ្យមានការគោករាក់តទៅថ្ងៃមុខ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បើយើងស្ដារស្ទឹងនេះចេញ នោះឆ្នាំក្រោយយើងអាចជួយអន្តរាគមន៍កសិករយើង នៅក្នុងតំបន់នេះ ទាំងផ្ទៃដីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង អាចរហូតដល់២ទៅ៤ពាន់ហិកតា នោះបងប្អូននឹងមិនប្រឈម ដូចជាការធ្វើលើសផែនការនេះឡើយ។ បច្ចុប្បន្ននេះ យើងមានអាងស្តុកទឹកនៅប៉ែកខាង គឺទំនប់ទី៣ និងទំនប់ទី៥ ដែលសម្រាប់អន្តរាគមន៍ ដោយឡែកទំនប់ទី៣ យើងបានបើកប្រើប្រាស់ដល់បាតអាងហើយ និងទំនប់ទី៣ នៅសល់តែ៦០%ប៉ុណ្ណោះ គឺទុកសម្រាប់ប្រើប្រាស់លើជីវិតមនុស្សសត្វនិងរុក្ខជាតិ ក្នុងអំឡុងរដូវប្រាំងនេះ។ កន្លងមកដូចជាឃុំមេទឹក គឺតែងតែប្រឈមនឹងកង្វះខាតទឹក តែដោយអាជ្ញាធរ និងប្រជាពលរដ្ឋស្រុះស្រួលគ្នា ជួយជាប្រេង និងគ្រឿងចក្រ ឥឡូវនេះឃុំមេទឹកមិនប្រឈមនឹងការខូចខាតស្រូវ ដូចបណ្តាឆ្នាំមុនៗនោះឡើយ រីឯផ្ទៃដីដែលខូចខាតគឺមានតិចតួចបំផុត។ ឯកឧត្តម សូមយកឱកាសនេះ សំណូមពរទៅរាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី សូមផ្តល់លទ្ធភាពស្តារស្ទឹងស្វាយដូនកែវ ដើម្បីផ្តល់ជូនជាប្រយោជន៍រួមដល់កសិករ ទាំងក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង អាចមានលទ្ធភាពបង្កបង្កើនផល និងយកទឹកពីក្រោមអន្តរាគមន៍មកលើបាន។
តំណាងប្រជាកសិករឃុំស្វាយដូនកែវ ក្រោយពីទទួលបានការពន្យល់ណែនាំ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងសង្ឃឹមថា នៅពេលបណ្តាឆ្នាំខាងមុខ រាជរដ្ឋាភិបាលពិតជាផ្តល់នូវប្រព័ន្ធធារាស្ត្រ និងមានទឹកគ្រប់គ្រាន់ សម្រាប់ដំណាំស្រូវរដូវប្រាំងពួកគាត់ ជាក់ជាមិនខានឡើយ៕




