(ពោធិ៍សាត់)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម ខូយ រីដា បានដាក់ចេញនូវបទបញ្ជាក្តៅ «មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាមអត់មេឃុំ មានមេឃុំ អត់សំរាម» ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកភាពគ្មានសំរាមនៅលើទឹកដីខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ក្នុងការលើកកម្ពស់សោភណភាព និងអនាម័យសម្រាប់ការរស់នៅ។ ដើម្បីឱ្យទឹកដីខេត្តពោធិ៍សាត់ គ្មានសំរាម និងស្រស់ស្អាត ឯកឧត្តម ខូយ រីដា បានដាក់ចេញបទបញ្ជាក្តៅ «មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាមអត់មេឃុំ មានមេឃុំ អត់សំរាម»។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា «ខ្ញុំបានរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីរៀបចំបរិស្ថានឱ្យមានសណ្តាប់ធ្នាប់ល្អ។ យើងបង្កើតទ្រឹស្តីនេះ ដើម្បីឱ្យអាជ្ញាធរយកចិត្តទុកដាក់ជំរុញផ្សព្វផ្សាយ និងមានការទទួលខុសត្រូវពីសំណាក់អាជ្ញាធរដែនដីនៅតាមភូមិ ឃុំ និងស្រុក»។
ឯកឧតុ្តម អភិបាលខេត្តបន្ថែមថា «យើងប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឱ្យសំរាមនៅក្នុងស្រុក ខេត្តរបស់យើងគ្រប់គ្រងឱ្យបាន មានអនាម័យ បរិស្ថានល្អ»។
ឯកឧត្តម ខូយ រីដា បានចាត់ទុកការគ្មានសំរាមនៅតាមផ្ទះ និងតាមភូមិឋាន មិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតនោះទេ តែក៏ជាការនាំមកនូវសិរីសួស្តីសម្រាប់គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ អភិបាលខេត្ត បានបញ្ជាក់ថា លោកបានដាក់ចេញយុទ្ធនាការការទុកដាក់សំរាមឱ្យត្រឹមត្រូវនេះ រយៈពេលប្រមាណមួយឆ្នាំមកហើយ ដោយបានចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជានៅតាមសាលារៀនផងដែរ។
ឯកឧតុ្តម អភិបាលខេត្តពោធិ៍សាត់ ទទួលស្គាល់ថាយុទ្ធនាការមិនទាន់បានលទ្ធផលល្អ១០០ភាគរយនោះទេ ប៉ុន្តែបានធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថច្រើនលើការទុកដាក់សំរាមនេះ។ ដើម្បីលើកកម្ពស់ភាពស្រស់ស្អាតនៅតាមភូមិឋាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាច្រើនដូចជា «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក», «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាដើម។ តាមរយៈយុទ្ធនាការនេះ បានបង្កើតឡើងនូវចលនាអប់រំផ្សព្វផ្សាយលើការទុកដាក់សំរាមនៅតាមសាលារៀន ការដើររើសសំរាមនៅតាមភូមិឋាន និងសាលារៀន។ បន្ថែមពីលើនោះ ក៏មានការសំអាតតាមថ្នល់ជាតិផងដែរ។
ក្រោយឃើញការប្រកាសរបស់អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម អ៊ាង សុផល្លែត បានសម្តែងក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់លោកអភិបាលខេត្តពោធិ៍សាត់ ក្នុងការសំអាតសំរាមនៅក្នុងខេត្ត។
ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុកបទបញ្ជារបស់លោកអភិបាលខេត្តពោធិ៍សាត់ គឺជាការប្តេជ្ញាចិត្តខ្ពស់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សោភណភាព និងអនាម័យ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ឃឹមថា អាជ្ញាធរនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹងធ្វើយុទ្ធនាការព្រមៗគ្នា ជាមួយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកម្ពុជាស្រស់ស្អាត និងគ្មានសំរាម៕
a



