អាវុធនិងគ្រាប់រំសេវជាច្រើនប្រភេទ ត្រូវបានសមត្ថកិច្ចថៃចាប់បាន បន្ទាប់ពីមានជនសង្ស័យដែលជាជនជាតិថៃ បានធ្វើការជួញដូរអាវុធខុសច្បាប់ចេញពីស្រុកអារញ្ញ ជិតព្រំដែនប្រទេសកម្ពុជា យកទៅលាក់ទុកក្នុងខេត្ត សាមុតសាខន ដើម្បីចែកចាយបន្តទៅខេត្តដទៃទៀត។
កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចថៃ បន្ទាប់ពីតាមប្រមាញ់មុខសញ្ញាអស់រយៈពេលជាច្រើនថ្ងៃ នឹងត្រូវបានឃាត់ខ្លួននាពេលរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បែរផ្លូវសន្តិព្រីឆា ក្នុងឃុំដនកៃឌី ស្រុកក្រាក់ធំបែន ខេត្តសាមុតសាខន ប្រទេសថៃ ។
យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានបញ្ជាក់ថា នៅយប់នោះសមត្ថកិច្ចថៃបានតាមប្រមាញ់មុខសញ្ញាដែលជាជនរកស៊ីជួញដូរអាវុធខុសច្បាប់ ដោយបានប្រទេសឃើញរថយន្តចំនួនពីរគ្រឿង នៅចតត្រង់ចំណុចខាងលើ ដោយពួកគេត្រៀមដឹក អាវុធយកទៅចែកចាយទីតាំងដទៃទៀត។ ភ្លាមៗនោះដែរសមត្ថកិច្ចថៃបានឡោមព័ទ្ធនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាត់ ត្រាកន ភេទប្រុស អាយុ ២៨ ឆ្នាំ ជាជនជាតិថៃ ។
នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានដកហូតអាវុធខ្នាត M79 ចំនួនមួយដើម អាវុធប្រភេទ AK ស្វ័យបត់ ចំនួនមួយដើម អាវុធប្រភេទ AK ស្វ័យវែង ចំនួន ៥ ដើម បងចំនួន ១៧ គ្រាប់កាំភ្លើងខ្នាត 7,62 ចំនួន ៨.០០០ គ្រាប់ និង គ្រាប់កាំភ្លើងខ្នាត M60 ចំនួន ៥០០ គ្រាប់ ។
តាមការសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានរៀបរាប់ថា ខ្លួនគឺជាអ្នកស៊ីឈ្នួលដឹកជញ្ជូនអាវុធទាំងអស់នេះមកពីស្រុកអារញ្ញ ខេត្តស្រះកែវ ដោយយកមកស្តុកទុកនៅចំណុចខាងលើ ដើម្បីចែកចាយបន្ត ហើយក្នុងមួយជើងរូបគេបានទទួលថ្លៃឈ្នួល ២០.០០០ បាត ដោយការទិញនិងលក់នេះ គឺទាក់ទងគ្នាផ្ទាល់ ហើយតម្លៃកាំភ្លើងគឺទៅតាមប្រភេទ ដោយចាប់ពី ៤០.០០០ បាត ទៅ ៦០.០០០ បាត ក្នុងមួយដើម ប៉ុន្តែសម្រាប់អ្នកដែលឈរជើងនៅស្រុកអារញ្ញបានអាវុធមកពីណានោះរូបគេមិនបានដឹងឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសិក្សានិងស្រាវជ្រាវដើម្បីរកអ្នកនៅពីក្រោយនិងមុខសញ្ញាដែលកាន់កាប់អាវុធនៅស្រុកអារញ្ញ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕




