កំពត ៖ ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់អះអាងថា លោក ហេង សឿន ដែលជាមេក្លោងដឹកនាំនៃក្រុមជនអនាធិបតេយ្យ បានដឹកនាំប្រជាពលរដ្ឋមកពីស្រុកផ្សេងៗមាន៖ ស្រុកទឹកឈូ, ស្រុកដងទង់ ឃុំវាលរេញស្រុកព្រៃនប់ ៘ បានឃោសនាញុះញង់ឲ្យប្រជាពលរដ្ឋដែលមកពីបណ្តាស្រុកទាំងនោះមកចាប់ដីនៅចំណុចភូមិព្រៃពាយ ដោយអះអាងប្រាប់ពលរដ្ឋទាំងនោះថា ជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋ បង្កឲ្យមានភាពអនាធិបតេយ្យរវាងអ្នកមានដីកាន់កាប់នៅទីនោះនិងអ្នកមកចាប់ដីថ្មីប៉ះពាល់លើដីមានម្ចាស់ហើយបំផុសឲ្យបងប្អូនទាំងទាំងនោះដាក់ពាក្យបណ្ដឹងចូលទៅរដ្ឋបាល សាលាខេត្តកំពត ដើម្បីរាយការណ៍បំផ្លើសពីការពិតជូនអភិបាលខេត្តពីសកម្មភាពរបស់ក្រុមការងារចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋដែលមានឈ្មោះត្រឹមត្រូវតាមគោលការណ៍របស់រដ្ឋកំណត់ជូនបងប្អូននៅតំបន់នោះ ។
ចំណែកគណៈកម្មការដែលប្រឹងធ្វើការវាស់វែងបំពេញទិន្នន័យក្បាលដីស្របតាមនីតិវិធី បែរជាត្រូវលោក ហេង សឿនចោទប្រកាន់និងសុំស្នើរដកចេញទៅវិញ ដោយចោទថា មិនយុត្តិធម៌មានភាពលំអៀង។ បើតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រុមអ្នកសារពត៌មានជាច្រើនអង្គភាពដែលចុះដល់ភូមិសាស្ត្រខាងលើនោះផ្ទាល់ ឃើញថា ក្នុងរយៈពេលកន្លងមកនេះក្រុមការងារគណៈកម្មការបានចុះវាស់វែងដីធ្លីនៅតំបន់នេះយ៉ាងយកចិត្តទុកដាក់ដោយជួបផ្ទាល់ជាមួយប្រជាពលរដ្ឋអ្នកមានឈ្មោះដែលត្រូវបំពេញទិន្នន័យជូនពួកគាត់ស្ទើរតែចប់សព្វគ្រប់ទាំងស្រុង ដោយវាស់ជាក់ស្ដែងតាមឈ្មោះ ដែលបានប្ដឹងទៅសាលាខេត្ត ចំនួន១៨៩ឈ្មោះនោះទៅហើយក្តី។
ចំពោះការងារដែលគណៈកម្មការបានបំពេញដែលក្រុមអ្នកសារពត៌មានយើងចុះតាមដានដឹងនោះគឺ៖
ទី១- វាស់វែងជូន ពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្ដែង។
ទី២- វាស់ជូន ពលរដ្ឋដែលមានដីពិតប្រាកដ នៅក្នុងមូលដ្ឋានក្ដី ក្រៅមូលដ្ឋានក្តី។
ទី៣- បដិសេធមិនវាស់ជូនដីទំនាស់និងពលរដ្ឋដែលដើរចង្អុលលើដីដែលមានម្ចាស់រួចហើយ។
ទី៤- បដិសេធមិនវាស់ជូនដីដែលពលរដ្ឋខ្លះ បានលក់ឲ្យគេរួចហើយ ដែលមានក្រដាសស្នាមមេដៃនិងការព្រមព្រៀងគ្នារួចហើយ។
ករណីទី៣និងទី៤គឺទុកដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ។
ជាមួយគ្នានៅនេះដែរ នៅពេលគណកម្មការវាស់វែងជិតចប់សព្វគ្រប់ លោក ហេង សឿន ថានៅសល់១ក្រុមទៀត១០៥ដែលមិនទាន់វាស់វែង តែត្រូវលោកអភិបាលខេត្តព្រមានថា កុំបង្កើតកូនចៅបន្តទៀត។
លោក ហេង សឿន ដែលធ្លាប់ទទួលរងពាក្យបណ្ដឹងរំលោភសេចក្ដីទុកចិត្តឬបោកប្រាស់ប្រជាពលរដ្ឋរហូតមានពាក្យបណ្ដឹងជាច្រើនករណីទៅអាជ្ញាធរមកដល់ពេលនេះ មិនទាន់ឃើញអាជ្ញាធរណាចាត់វិធានការណ៍នៅឡើយទេ។
ប្រជាពលរដ្ឋបានរិះគន់ថា លោក ហេង សឿនមានខ្នងនៅពីក្រោយក្រាស់ មានឋានៈរហូតអភិបាលរងខេត្ត ស្នងការរងខេត្តជាដើម ទើបច្បាប់ខេត្តកំពតមិនទាន់ហា៑នចាត់វិធានការណ៍ដល់គាត់រង់ចាំការស៊ើបអង្កេតស្រាវជ្រាវបន្តទៀតសិន។
មួយរយៈកន្លងមកនេះ ព័ត៌មាននៃក្រុមជនអនាធិបតេយ្យចាប់ដីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានស្អុយរលួយពេញប្រទេស ធ្វើឲ្យប្រមុខដឹកនាំក៏ឈឺក្បាលដោយសាររឿងនេះផងដែរ។
ប្រជាពលរដ្ឋស្នើអាជ្ញាធរគ្រប់ថ្នាក់មេត្តាចាត់វិធានការចំពោះបុគ្គលឈ្មោះ ហេង សឿន និងបក្សពួក ដែលតែងបង្ករបញ្ហាដីធ្លីមិនឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋរកស៉ីទទួលទាន ដាំដុះមិនបាន ហើយក្រុមនេះក៏តែងបង្ករការគំរាមកំហែងដល់អាជ្ញាធរនិងប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈកាំបិត ពូថៅច្រូងច្រាងគំរាមទៅលើក្រុមការងារបែបអនាធិបតេយ្យ ដោយគ្មានស្ដាប់បង្គាប់សមត្ថកិច្ចឬអាជ្ញាធរណាឡើយ។
បន្ទាប់ពីមានករណីដូចខាងលើ ប្រជាពលរដ្ឋចំនួន១៨៩គ្រួសារស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលពួកគាត់មានឈ្មោះជាម្ចាស់ដីពិតប្រាកដនៅទីនោះ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយមានវិធានការទៅលើជនខិលខូច ឈ្មោះ ហេង សឿន នេះផង៕
សេង ណារិទ្ធ






