កំពត ៖ នៅរសៀលថ្ងៃទី០២ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ លោកអូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយសហការីនិងជំនាញជាច្រើនរូប បាននាំកម្លាំងចុះទៅត្រួតពិនិត្យមើលសំណង់ដែលសង់រំលោភចូលក្នុងបឹងនិងព្រែក ពិសេសបញ្ឈប់សកម្មភាពការចាក់ដីទន្ទ្រានរំលោភយកដីបឹង ដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងដំណើរចុះត្រួតពិនិត្យនោះដែរ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា កន្លងមកបឹងបួ ប្រឡាយ ព្រែក ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ត្រូវបានគេលួចចាក់រំលោភយកយ៉ាងកក្រើក ដូចជាដីបឹងនៅចណុចទីប្រជុំជនស្រុកកំពង់ត្រាច ដីប្រឡាយ និងដីបឹងឈូកស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាចជាដើម ។
លោកបានបញ្ជាក់ទៀតថា ចំពោះការចាក់ដីដើម្បីសង់លំនៅឋាន នៅចំណុចបឹងនៃភូមិសាស្ត្រស្រុកកំពង់ត្រាច កន្លងមកអាជ្ញាធរបានកំណត់ឲ្យម្ចាស់សំណង់ចាក់ដីពីអ័ក្សផ្លូវចូលទៅក្នុងបឹងតែត្រឹម៦០ម៉ែត្រប៉ុណ្ណោះ តែប្រជាពលរដ្ឋភាគច្រើនមិនបានអនុវត្តតាមគោលការណ៍របស់អាជ្ញាធរនិងជំនាញឡើយ ហើយពួកគាត់តែងតែចាក់រំលោភហួសដែនកំណត់ ដោយនាំគ្នាចាក់ជាបន្តបន្ទាប់ពីម្នាក់ទៅម្នាក់ ធ្វើឲ្យខាងអាជ្ញាធរឈឺក្បាលវិលមុខរាប់ឆ្នាំមកហើយដែរ ។
លោកបានបានឲ្យដឹងផងដែរថា បច្ចុប្បន្នដោយសារដីមានហាងឆេងនៅគ្រប់ទីកន្លែងនោះ ធ្វើឲ្យបុគ្គលមួយចំនួនចេះតែមានចិត្តមហិច្ឆិតានាំគ្នាលួចចាក់ដីលប់ព្រែក លប់បឹងបួ កេងរំលោភយកជាបន្តបន្ទាប់។ដូច្នេះក្នុងនាមលោកជាអាជ្ញាធរក្នុងពេលបច្ចុប្បន្ន ដាច់ខាតមិនបណ្តែតបណ្តោយឲ្យមានការដីចាក់លប់បឹងបួ ព្រែករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិបន្តទៀតឡើយ។
សូមបញ្ជាក់ផងដែរថា កន្លងមកចំណុចដីបឹងបួ ព្រែកជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ត្រូវរងការចាក់លប់ទន្ទ្រានយកឥតឈប់ឈរពីសំណាក់បុគ្គលខិលខូចមួយក្តាប់តូចដែលមានខ្នងបង្អែកក្រាស់ៗ ហើយការទន្ទ្រានយកដីរបស់រដ្ឋនេះបានកើតឡើងតាមរបៀបឃុបឃិតជាលក្ខណៈប្រព័ន្ធ ដូចជាចំណុចបឹងឈូកដែលជាផ្លូវបង្ហូរទឹក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ជាដើមត្រូវបានបុគ្គលខិលខូចប្រើគ្រប់រូបភាព បំណងក្រសោបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនលើក ច្រើនសារ ដោយករណីនេះគេចាំមើលថា តើលោក អូន ខន អភិបាលស្រុកកំពង់ត្រាចថ្មី អាចទប់ស្កាត់និងថែរក្សាដីបឹងធម្មជាតិខាងលើបានគង់វង្សបានឬទេ.?៕
សេង ណារិទ្ធ







