(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ និងមានស្ថាប័នព័ត៌មានចុះបញ្ជីជាង២ពាន់អង្គភាព។
ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ «នៅកម្ពុជា មានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ ដែលក្នុងនោះ ក្នុងនោះមានអ្នកស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន មានចំនួនជិត ៤ពាន់នាក់»។
បើតាមឯកឧត្តម នេត្រ ភក្ត្រា, បច្ចុប្បន្ននេះ ស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ និងទូរទស្សន៍អនឡាញ ៩៣៨អង្គភាព កាសែតចំនួន ៤៤៧អង្គភាព សមាគមសារព័ត៌មាន ៥២អង្គភាព ទស្សនាវដ្តី ១៩៤អង្គភាព ព្រឹត្តិបត្រ ២១អង្គភាព រោងពុម្ភ ១១៣អង្គភាព សៀវភៅចំនួន ២២អង្គភាព ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧អង្គភាព ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ២អង្គភាព ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្ត ២៨៣អង្គភាព និងវិទ្យុ AM ភ្នំពេញ ចំនួន១ ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ៍ និងផ្សាយបន្ត ១៦៥ស្ថានីយ៍។ ស្ថានីយ៍ទូរទស្សន៍ឌីជីថល ១២ស្ថានីយ៍ និងទូរទស្សន៍អនឡាញ ១០ស្ថានីយ៍ ទូរទស្សន៍ខ្សែកាប រាជធានីភ្នំពេញ និងតាមខេត្ត ចំនួន ៤៤ស្ថានីយ៍ និងទូរទស្សន៍អាណាឡូក ១៤៤ស្ថានីយ៍ ប្រព័ន្ធ OOT ៨ស្ថានីយ៍ និងប្រព័ន្ធផ្កាយរណប ចំនួន២។
សូមជម្រាបថា កន្លងមក ឯកឧត្តម នេត្រ ភក្ត្រា បានប្រកាសថា ក្រសួងព័ត៌មាន ជាស្ថាប័នតែមួយគត់ក្នុងការចេញកាតសម្គាល់អ្នកសារព័ត៌មាន។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលម្អសង្គម និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។ ដើម្បីថែរក្សាតម្លៃសារព័ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ៕





