(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានប្រើពេលប្រមាណ៣ម៉ោង ដើម្បីពន្យល់លម្អិតអំពីយុទ្ធនាការចំនួនពីរ ដែលក្រសួងយុត្តិធម៌បានដាក់ចេញ ស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។
យុទ្ធនាការចំនួនពីរ ដែលលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ធ្វើបទបង្ហាញតាមរយៈសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នោះរួមមាន៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
យុទ្ធនាការទាំង២នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុង ការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» ដែលកិច្ចការនេះត្រូវបានចាត់ទុកជា អាទិភាពនយោបាយដ៏សំខាន់មួយដែលត្រូវអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្ដែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។
លោកបានអះអាងថា យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ក្នុងនោះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានធ្វើការពន្យល់ទៅតាមយុទ្ធនាការនីមួយៗ ដូចខាងក្រោម៖
* យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ៖ យុទ្ធនាការនេះ មានវិសាលភាពគ្របដណ្តប់ទៅលើរឿងក្ដីគ្រប់ប្រភេទទាំងអស់ ទាំងរឿងក្តីរដ្ឋប្បវេណី ទាំងរឿងក្ដីព្រហ្មទណ្ឌ ទាំងរឿងក្ដីពាណិជ្ជកម្ម និងរឿងក្ដីផ្សេងទៀត នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។
ផ្អែកតាមការវាយតម្លៃលើចំនួនសំណុំរឿងនៅសល់ កំពុងចាត់ការនៅទូទាំងប្រទេស និងផ្អែកលើបទពិសោធន៍ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត នាពេលកន្លងមក, ក្រសួងយុត្តិធម៌ បានវាយតម្លថា ការអនុវត្តយុទ្ធនាការទី១ អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។
ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនេះ ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវអភិក្រម «លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់» ដោយត្រូវជៀសវាងឲ្យបានជាដាច់ខាតនូវស្ថានភាព «ត្រីងៀត ឆ្លៀតពង» តាមរយៈការប្រើប្រាស់យុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើពុករលួយណាមួយ។
* យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៖ យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ គឺ៖ ទី១៖ ដើម្បីជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម និងទី២៖ ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ការរឿងក្តីដោយតុលាការ ប៉ុន្តែការកំណត់ថា «យុត្តិធម៌ ឬអយុត្តិធម៌» គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់។
យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ នឹងផ្ដោតលើបញ្ហាសំខាន់ចំនួន២ គឺ៖ ទី១៖ ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ច នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទី២៖ ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការ សំណុំរឿង និងក្នុងការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿងគ្រប់ប្រភេទ។ យុទ្ធនាការនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។
បើតាមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, អភិក្រមក្នុងការដឹកនាំយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ក្នុងការដឹកនាំយុទ្ធនាការទាំង២នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ នឹងប្រកាន់ខ្ជាប់នូវអភិក្រម ចំនួន២គឺ៖ ទី១៖ អភិក្រមដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការងារកែទម្រង់ និងទី២៖ អភិក្រមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ការពង្រឹងអភិបាលកិច្ច។




