ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំគណៈប្រតិភូចំនួន ៤០នាក់ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបយុទ្ធនាការចំណុចខ្ពស់ ឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទសវៀតណាម។
សម្រាប់គណៈប្រតិភូភាគីវៀតណាម មានសរុបចំនួន ៥១រូប ដឹកនាំដោយឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន (Nguyen Van Vien) ប្រធាននាយដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម។
ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងភាគីវៀតណាម បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីធ្វើយ៉ាងណាកែល្អ និងពង្រឹងនូវចន្លោះខ្វះខាត ដើម្បីជំរុញការបង្ក្រាបល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម កាន់តែមានប្រសិទ្ធភាពខ្ពស់។
ភាគីកម្ពុជា និងភាគីវៀតណាម បានលើកឡើងអំពីសំណូមពរមួយចំនួន ដូចខាងក្រោម៖ពង្រឹងសម្ថភាព ជំនាញ និងភាសា ដល់មន្ត្រីប្រចាំការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ទាំង២ប្រទេស ស្នើទៅអង្គការ UNODC និងភាគីពាក់ព័ន្ធដើម្បីឧបត្ថម្ភបន្ថែម នូវសម្ភារៈបច្ចេកទេស មធ្យោបាយល្បាតត្រួតពិនិត្យ និងវគ្គបណ្តុះបណ្តាល/សិក្ខាសាលាបន្ថែម លើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋតាមបណ្តោយព្រំដែនឱ្យយល់ដឹងពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន និងបំផុសឱ្យមានចលនាសហការជាមួយសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ជំរុញពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងរួមគ្នាចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានទាន់ពេលវេលា ស្នើភាគីទាំង២ ខិតខំបង្កើនកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ និងចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ដែលមានដីកាពីតុលាការ និងមាននិវេទន៍ក្រហមតាមចាប់ខ្លួន របស់នគរបាលអន្តជាតិ បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន អំពីករណីគ្រឿងញៀនរវាងប្រទេសទាំង២
– ស្នើឱ្យមានការប្រជុំរវាង ការិយាល័យទំនាក់ទំនងព្រំដែន BLO នីមួយៗ នៃប្រទេសទាំង២ រយៈពេល៣ខែម្តង បង្កើនការត្រួតពិនិត្យជាប្រចាំ នូវអ្នកដំណើរ/ប្រជាជនចេញចូលប្រទេសទាំង២ បង្កើនកិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីអនុវត្តច្បាប់ប្រទេសទាំង២ បង្កើនកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឈានទៅដល់ការបង្ក្រាបដល់ឬសគល់ បង្កើតការិយាល័យទំនាក់ទំនងព្រំដែន BLO នៅខេត្ត ដុង ថាប ប្រទេសវៀតណាម ជាដៃគូការិយាល័យទំនាក់ទំនងព្រំដែន BLO នៅខេត្តព្រៃវែង ប្រទេសកម្ពុជា ៕




