ទេសរដ្ឋមន្រ្តី លី ធុជ៖ តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ នៅខេត្តកោះកុង ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន គាំទ្រដោយ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»
(កោះកុង)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) កំពុងប្រតិបត្តិការបោសសសម្អាតមីននៅខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» លើទំហំផ្ទៃដីមានមីនសរុបចំនួន ៣,០២៩,៨១៩ម៉ែត្រក្រឡា ស្មើនឹង៣៧ចំការមីន ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ជាមួយនឹងលទ្ធផលនៃការងារបោសសម្អាតមីននេះ តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងស្រុកគិរីសាគរទាំងមូល ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនដោយរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៣៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៨៣ គ្រាប់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងយុទ្ធជនកម្ពុជាទាំងអស់ ដែលបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកសុខសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។
ទេសរដ្ឋមន្រ្តី បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១,១៨៨,៦២០ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ២,៤៧៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៤គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម១៤,១៦៣គ្រាប់ ព្រមទាំងមានចំនួនជនរងគ្រោះដោយសារមីន និងគ្រាប់សរុបចំនួន៩៩៨នាក់ ក្នុងនោះដោយសារមីន៧៩០នាក់។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សមិទ្ធផលទាំងនេះក្នុងខេត្តកោះកុង បានកើតចេញពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិពីសង្រ្គាមនៅកម្ពុជា។ បើគ្មានសម្តេចតេជោទេ ចំនួនជនរងគ្រោះថ្នាក់ដោយមីន និងគ្រាប់នៅខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស នឹងបន្តកើនឡើង ហើយការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម។
ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការបោសសម្អាតមីន ខេត្តកោះកុង នៅបន្តសល់ផ្ទៃដីសង្ស័យមានមីនចំនួន ២២,៨៤៦,៥៨៥ ម៉ែត្រក្រឡា ស្មើនឹង៣៥៥ចំការមីន ដែលត្រូវដោះស្រាយឲ្យអស់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ សម្តេចតេជោ បានដាក់ចេញនូវផែនការបោសសម្អាតមីនឲ្យអស់ក្នុង ស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង ព្រមទាំងប្រកាសជាស្រុកអស់មីន ផងដែរ៕











