(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ០៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ជូ ណាក់យាំង (H.E Joo Nak Young) អភិបាលក្រុងឃ្យុងជូ នៃខេត្តឃ្យុងសាំងប៊ុក-ដូ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និត ពង្រីកចំណងមិត្តភាពកាន់តែល្អប្រសើរ ពិសេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានស្នើសុំឱ្យភាគីកូរ៉េ ពិនិត្យ និងពិចារណាបន្តជួយជម្រុញពាណិជ្ជករកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើនថែមទៀត ក៏ដូចជាការបង្កើតរោងចក្រផ្នែកឧស្សាហកម្ម សិប្បកម្មវាយនភណ្ឌកាត់ដេរ ដើម្បីផ្តល់ឱកាសការងារដល់ពលករក្នុងស្រុក។




