ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅជិតច្រករបៀងព្រំដែនសំរោង ក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា បានបញ្ជាក់ឲ្យដឹងថាសកម្មភាពឈ្មួញដឹកជញ្ជូន ស្ករស និងទំនិញគេចពន្ធ ឆ្លងដែនទៅវៀតណាម តាមរថយន្តវ៉េអង ធំៗ កំពុងកើតមានឡើងយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ រីឯលោក នាយប៉ុស្តិ៍ច្រករបៀងនគរបាលការពារព្រំដែនគោកសំរោងជាអ្នកមានសិទ្ធិអំណាច បេីកភ្លេីងខៀវ ទេីបពួកឈ្មួញហ៊ានធ្វើអ្វីៗទាំងអស់។
ប្រជាពលរដ្ឋ ក៍ដូចជាប្រភពពីអ្នកសារព័ត៌មានជាច្រើនដែលចុះទៅផ្តិតយករូបភាពផ្ទាល់ បានបង្ហាញឱ្យឃើញពីសកម្មភាពរថយន្តធន់ធ្ងន់ រងផលប៉ះពាល់ខូចផ្លូវទាំងស្រុង និង ដឹកជញ្ជូនទំនិញផ្សេងៗឆ្លងដែន ដោយសង្ស័យថាមិនមានការត្រួតពិនិត្យ ឬបង់ពន្ធត្រឹមត្រូវពីសំណាក់មន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះឡើយ។
ឈ្មួញតូច ធំ ដឹកជញ្ជូនស្ករសរ និងគ្រឿងអេឡិចត្រូនិច និងទំនិញផ្សេងៗ ឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូន បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា អាចមានការ ត្រូវរ៉ូវគ្នាយ៉ាងស្អិតរមួតរវាងក្រុមឈ្មួញ និងមន្ត្រីប្រចាំការនៅច្រកនេះ ដើម្បីផលប្រយោជន៍បុគ្គល និងបក្សពួក ដែលទង្វើនេះកំពុងតែបង្កឱ្យមានការលេចធ្លាយ និងបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។
មជ្ឈដ្ឋានអ្នកច្បាប់ ! ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងសម្តែងការព្រួយបារម្ភ និងអំពាវនាវគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ព្រមទាំង លោកឧត្តមសេនីយ៍ទោ ពេជ្យ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោកឧត្តមសេនីយ៍ត្រី ប៉ាន់ សេរ៉ូ ស្នងការរងទទួលបន្ទុកផែនវីរៈព្រំដែនមេត្តាជួយចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីទប់ស្កាត់ការនាំទំនិញគេចពន្ធ ឆ្លងដែនទៅវៀតណាម តាមច្រករបៀងព្រំដែនសំរោង មិនទាន់មានវិធានការច្បាប់ឱ្យបានតឹងរឹងចំពោះមន្ត្រីខិលខូចណាដែលហ៊ានឃុបឃិត ជាមួយឈ្មួញ បើកដៃឱ្យមានបទល្មើស ដើម្បីវះកាត់ភាពមិនប្រក្រតីនេះ និងការពារចំណូលថវិកាជាតិ។



