(ស្វាយរៀង)៖ លោកហែម សុីណា អភិបាលស្រុករំដួលបានថ្លែងស្នើរដល់ក្រុមគ្រូពេទ្យសូមផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។
ការថ្លែងបែបនេះរបស់អភិបាលស្រុករំដួលបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងបានប្រគេនពរ និងជូនពរព្រះសង្ឃ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលអាពាធ ជំងឺចំនួន៤០អង្គនាក់នាព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២នេះ។
ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ជា សាភ័ណ្ឌ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប ,លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល,លោកវេជ្ជបណ្ឌិត ពុធ ពៅសុជាតិ អនុប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងលោក លោកស្រីជាវេជ្ជបណ្ឌិត គ្រូពេទ្យ ព្រមទាំងបុគ្គលិកក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមណ្ឌលសុខភាពចកផងដែរ។
លោកបានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពការងារ និងគុណភាពនៃការពិនិត្យព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យ ដែលប្រសិទ្ធនាមថា “ជាកងទ័ពអាវសជួរមុខ” ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដង្កាត់ផ្សេងៗ និងជំងឺឆ្លងសកលកន្លងមក ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរក្រុមគ្រូពេទ្យយើងបានដាក់វេនប្រចាំការដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋក៏ដូចជាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ។
លោកបានបន្តថា មានសុខភាពល្អ អាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ កាលណាសុខភាពយើងទ្រុឌទ្រោមការងារអ្វីគឺត្រូវបាត់បង់ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់គឺសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះមិនអាចខ្វះមួយណាបាននោះឡើយ។
លោកបានបញ្ជាក់ថា សេដ្ឋកិច្ចគ្រួសាររីកចម្រើនសង្គមជាតិក៏រីកចម្រើនដែរ ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀងយើងមានវិស័យវិនិយោគបានបណ្ដាក់ទុនរកស៊ី ដោយមានរោងចក្រសហគ្រាសជាច្រើនកន្លែងអាចស្រូបយកកម្មករនិយោជក ប្រមាណជិត ១០ ម៉ឺននាក់កំពុងបម្រើការងារនិងទាញយកសេដ្ឋកិច្ចពីរោងចក្រដោយចំណូលជាមធ្យមក្នុងមួយខែប្រមាណជាង២០លានដុល្លារ ដែលធ្វើឲ្យគ្រួសារនីមួយៗ មានជីវភាពសមរម្យផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានថ្លែងផ្តាំផ្ញើដាស់តឿនដល់ក្រុមគ្រូពេពេទ្យ ត្រូវចេះអភិវឌ្ឍសមត្ថភាព បច្ចេកទេស របស់ខ្លួនឲ្យបានជាប្រចាំ ត្រូវមានសុខភាពល្អមាំមួន មានប្រជាប្រិយភាព មានចំណេះដឹងផ្នែកIT (ឧស្សាហកម្មវេជ្ជសាស្ត្រ) ប្រឹងប្រែងធ្វើការងារឲ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ គិលានសង្រ្គោះត្រូវត្រៀមប្រតិបត្តិការ និងយាមប្រចាំការ ២៤ម៉ោង/២៤ ម៉ោង។
បន្ថែមលើសពីនេះលោកហែម សុីណាក៏បានគាំទ្រ និងសន្យាផ្តល់ដីសម្បទានរបស់សាលាស្រុកជូនមន្ទីរពេទ្យសម្រាប់កសាងឡដុតកាកសំណល់វេជ្ជសាស្ត្រនិងបានជួយជំរុញ និងគាំទ្រការបញ្ចុះតម្លៃសេវាហិរញ្ញប្បទានរបស់មន្ទីរពេទ្យ១០-២០% ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនិងបានចូលរួមលើកកម្ពស់សុខមាលភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យសុខាភិបាលជាវិស័យអទិភាពមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិផងដែរ។
ក្នុងឱកាសនោះលោកហែម សុីណាក៏បានចុះសួរសុខទុក្ខអ្នកជំងឺនិងព្រះសង្ឃដែលកំពុងតែព្យាបាលនិងមានអាពាធនៅក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដោយបានប្រគេននិងជូនថវិកាម្នាក់១ម៉ឺនរៀលផងដែរ៕




