លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថាៈ នៅព្រឹកនេះ លោកបានដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធថ្នាក់ខេត្ត រដ្ឋបាលក្រុងបាវិត សហការជាមួយម្ចាស់តំបន់សេដ្ឋកិច្ច ពិសេសេនានា ក្នុងក្រុងបាវិត ចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅតាមតំបន់សេដ្ឋកិច្ច ពិសេស និងទីតាំងមួយចំនួនផ្សេងទៀត ក្នុងក្រុងបាវិត។ជាលទ្ធផល ជាស្តែង នៅថ្ងៃស្អែក លោកនឹងឲ្យគ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវលំមួយកន្លែង សំរាប់ឲ្យទឹកដែលនៅប៉ែកខាងលើ ហូរបានឆាប់រហ័ស ធ្លាក់ចូលទៅក្នុងបឹង ដើម្បីរំដោះទឹក ចេញពីតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងលំនៅស្ថានរបស់ប្រជាពលរដ្ឋ ដែលកំពុងទឹកជនន់លិច។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ទៀតថាៈ នាពេលខាងមុខ ខេត្ត នឹងមានគម្រោងដាក់លូរំដោះទឹក ដើម្បីកុំឲ្យទឹកជន់លិចបន្តទៀត ពីព្រោះថានៅតំបន់នេះ សំបូររោងចក្រ ដូច្នេះបើមិនមានវិធានការការពារទេ ទឹកនឹងលិចរោងចក្រ នាំឲ្យស្ទះដល់ ដំណើរការរបស់ក្រុមហ៊ុន ជាហេតុនាំឲ្យប៉ះពាល់ការងារបងប្អូន កម្មករ កម្មការិនីយើង ជាក់ជាពុំខានឡើយ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ ដោយសង្កត់ធ្ងន់ថាៈ បញ្ហាដែលយើង មានការព្រួយបារម្មណ៍នោះ គឺខ្លាចខាងរោងចក្រ បង្ហូរទឹកស្អុយចូលប្រឡាយ ឬបឹង ក៏ប៉ុន្តែនាពេលកន្លងមក យើងក៏ធ្លាប់បានណែនាំរួចហើយ អំពីបញ្ហាទឹកកខ្វក់នេះ រួមទាំងបញ្ហាបរិស្ថាន ជុំវិញតំបន់ផងដែរ។ ដូច្នេះហើយ លោកក៏សំណូមពរ សូមឲ្យខាង ក្រុមហ៊ុន រោងចក្រ ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសទាំងអស់ នៅពេលកសាង សាងសង់ ឬធ្វើសំណង់អ្វីមួយ ត្រូវគិតពីផលប៉ះពាល់ជាមុន ព្រមទាំងត្រូវចូលរួមសហការជាមួយ ខាងអាជ្ញាដែនដី មន្ទីរអង្គភាពជំនាញនានា ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាផ្សេងៗ កើតមានទៅថ្ងៃក្រោយ នាំឲ្យពិបាក ក្នុងការដោះស្រាយ និយាយជារួម យើងមិនត្រូវគិតតែប្រយោជន៍ខ្លួនឯង ហើយវាប៉ះពាល់ប្រយោជន៍ អ្នកដទៃនោះដែរ។
សូមបញ្ជាក់ថាៈ នាពេលបច្ចុប្បន្ននេះ នៅក្រុងបាវិត បាននឹងកំពុងអភិវឌ្ឍន៍ រីកចំរើន លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗ រួមមាន រោចក្រ សហគ្រាស មណ្ឌលកម្សាន្ត បង្កើតឱកាសការងារ ដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជាង ១០ មុឺននាក់ មានប្រាក់បៀវត្ស ចិញ្ចឹមគ្រួសារ កាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុក ទាំងប្រថុយប្រថាន ដែលបង្កជា ហានិភ័យ ដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ ។ ទាំងនេះ ក៏ដោយសារ ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕/V








