រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះរៀបចំតុបតែងផ្លូវរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវខណ:រដូវបុណ្យភ្ជុំបិណ្ឌធំកាន់តែខិតជិតមកដល់
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ មន្រ្តីសាលាខេត្ត និងយុវជន ស.ស.យ.ក ខេត្ត ចុះទៅរៀបចំតុបតែងផ្លូវឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណ:ថ្ងៃបុណ្យភ្ជុំធំកាន់តែខិតកៀកជិតមកដល់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនកុះករ។
បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ចាប់ពីពេលនេះតទៅខាងរដ្ឋបាលខេត្តប៉ៃលិននឹងបន្តឱ្យក្រុមការងារចូលទៅរៀបចំបោសសម្អាត កាប់ឆ្ការព្រៃនៅសងខាងផ្លូវឡើងទៅលេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវដោយបែងចែកជាក្រុមៗផងដែរ។ ប្រភពបន្តទៀតថា ក្រុមខ្លះដើររើសសំរាមនៅសងខាងផ្លូវ ក្រុមខ្លះជម្រះស្មៅ កាត់មែកឈើនៅក្បែរចិញ្ចើមផ្លូវ និងក្រុមខ្លះទៀតជីកកកាយដីជើងភ្នំ ដាក់នៅកន្លែងមានជង្ហក់ដែលទឹកភ្លៀងហូរដាច់។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្តប៉ៃលិនក៏បានរៀបចំតុបតែងដាក់ជាផ្កាភ្ញីនៅសងខាងផ្លូវ និងដាំផ្កាចម្រុះពណ៌នៅក្បែរច្រកទ្វារផ្លូវឡើងទៅកាន់រមណីយដ្ឋានដ៏ស្រស់ស្អាតនេះផងដែរ។ ហើយនៅថ្ងៃបុណ្យភ្ជុំធំមកដល់ គេសង្ឃឹមថា នឹងមានភ្ញៀវទេសចរចូលមកលេងកាន់តែច្រើនខណ:ទឹកជ្រោះមានច្រើនជាន់ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវចុះទៅលេងបំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។
ប្រភពដដែលបញ្ជាក់ថា ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើជាកន្លែងដែលមានទេសភាពស្រស់ស្អាតជាងរមណីយដ្ឋាននានានៅទូទាំងខេត្តប៉ៃលិនខណ:ដែលផ្លូវចូលទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើមផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង។
ចំណែកក្រុមការងារអនាម័យក៏មានការសប្បាយរីករាយក្នុងការនាំគ្នាសស្រាក់សស្រាំ ចុះទៅបោសសម្អាត រើសសម្រាម និងកាត់មែកឈើ ដើម្បីកែលម្អឱ្យមានសោភ័ណភាពកាន់តែទាក់ទាញធ្វើឱ្យបរិស្ថាននៅជុំវិញស្រឡះល្អ បង្កជាទិដ្ឋភាពមួយដែលធ្វើឱ្យភ្ញៀវចូលទៅលេងហើយជាប់ចិត្តថ្ងៃក្រោយចង់ចូលទៅលេងម្តងទៀត។
សូមបញ្ជាក់ផងដែរថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យទឹកហូរចុះពីលើភ្នំបង្កឱ្យដាច់ច្រាំងផ្លូវឡើងទៅកាន់រមណីយដ្ឋាន ដួលដើមឈើចូលទៅក្នុងអូរតែក្រុមការងារបាននាំគ្នាជួសជុលចាក់ដីបន្ថែមដើម្បីកុំឱ្យទឹកហូរបុកដាច់បន្តទៀត៕











