
កម្លាំងនគរបាលស្នងការខេត្តរៀបចំក្បួនចុះតាមគោលដៅ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមវត្តនានាទូទាំងខេត្ត
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើការរៀបចំក្បួនចុះត្រួតពិនិត្យនៅតាមគោលដៅនីមួយៗជាពិសេសនៅតាមបរិវេណវត្តទាំង៣២ និងសាលាវិបស្សនា១ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋដែលបាននាំគ្នាទៅធ្វើបុណ្យទាន បោះបាយបិណ្ឌ និងដើរលេងនៅតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
បើតាមប្រភពព័ត៌មានពីលោក ឡាំ សំរិទ្ធ ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ ចាប់តាំងពីវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កងកម្លាំងនគរបាលស្នងការខេត្តទាំងអស់ ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ ពោល គឺចុះការពារទាំងយប់ទាំងថ្ងៃក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តនានាចូលមកធ្វើបុណ្យទានក្នុងខេត្តប៉ៃលិន។ លោកបន្តទៀតថា ដើម្បីចូលរួមទប់ស្កាត់ការអុកឡុកពីសំណាក់ក្រុមក្មេងទំនើងខណ:ដែលប្រជាពលរដ្ឋនាំគ្នាទៅធ្វើបុណ្យទាននេះ ខាងនគរបាលស្នងការខេត្ត សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ព្រមទាំងប្រជាការពារភូមិតែងតែចុះល្បាតនៅតាមតំបន់គោលដៅជាប់ជានិច្ចដូចភ្លៀងរលឹមដើម្បីរាយការណ៍ជូនថ្នាក់លើ បើមានសកម្មភាពណាមួយមិនប្រក្រតីនឹងរាយការណ៍ជូនថ្នាក់លើភ្លាមរួចចុះទៅបង្ក្រាបទាន់ពេលតែម្តង។
លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះក្នុងវេនបិណ្ឌទី៤នៃពិធីបុណ្យកាន់បិណ្ឌ នៅតាមភូមិនានាក្នុងខេត្តប៉ៃលិន មិនទាន់មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ សូម្បីតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬការរំខានពីក្រុមក្មេងទំនើងក៏អត់មានដែរ។ ដូច្នេះ ប្រជាពលរដ្ឋម្នាក់ៗ មានការសប្បាយរីករាយក្នុងការចូលរួមធ្វើបុណ្យទាន។
លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលនាំគ្នាធ្វើបុណ្យទានឱ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺឆ្លងដូចជាជំងឺកូវីដ១៩ ដោយត្រូវរក្សាគម្លាតហើយត្រូវមានអនាម័យ អនុវត្តតាម វិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ៕










