លោក ហ៊ុន ម៉ានិត សង្ឃឹមថា ក្រុមការងារឃុំ និងគណៈកម្មាធិការឃុំ នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ពង្រឹងសាមគ្គីភាព បម្រើប្រជាជន ដោះស្រាយបញ្ហា ដើម្បីការអភិវឌ្ឍនៅក្នុងភូមិឃុំ
កំពង់ចាម៖ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្ទឹងត្រង់ លោក ហ៊ុន ម៉ានិត នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា ក្នុងឱកាសកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា ក្រុមការងារគណបក្សចុះជួយស្រុកស្ទឹងត្រង់ បានប្រកាសបង្កើតមូលនិធិសព និងមូលនិធិសម្រាប់សកម្មភាពការងារគណបក្ស ដើម្បីយកបច្ច័យចូលពិធីបុណ្យសព និងចុះជួយដោះស្រាយការលំបាកនានារបស់ប្រជាជននៅមូលដ្ឋាន តាមរយៈគណៈកម្មាធិការគណបក្សស្រុក និងគណៈកម្មាធិការគណបក្សឃុំ។
លោក ហ៊ុន ម៉ានិត បន្តថា មូលនិធិទាំងពីរ នឹងត្រូវបានផ្តល់ជូនគណៈកម្មាធិការគណបក្សទាំងស្រុក និងឃុំជារៀងរាល់ខែ សម្រាប់ប្រើប្រាស់ទៅតាមរូបភាព និងគោលបំណងនៃមូលនិធិ។
លោក ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់សប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានចូលរួមចែករំលែក ជួយដល់បងប្អូនប្រជាពលរដ្ឋ និងផ្តល់លទ្ធភាពបន្ថែមទៀតសម្រាប់គណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្ស ធ្វើសកម្មភាពការងារ ក្នុងគោលដៅបម្រើប្រយោជន៍ប្រជាជន និងមូលដ្ឋាន។
លោក ហ៊ុន ម៉ានិត បន្ថែមទៀតថា ឆ្លៀតឱកាសក្នុងកិច្ចប្រជុំនេះផងដែរ ក្រុមការងារគណបក្សចុះជួយស្រុក ក៏បានប្រកាសតែងតាំងក្រុមការងារថ្មីរបស់គណបក្សសម្រាប់ចុះជួយឃុំព្រែកបាក់ ដែលដឹកនាំដោយ ឯកឧត្តម សៀ សុភ័ក្រ។
នាឱកាសនោះ លោក ហ៊ុន ម៉ានិត សង្ឃឹមថា ក្រុមការងារឃុំ និងគណៈកម្មាធិការឃុំ នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ពង្រឹងសាមគ្គីភាព បម្រើប្រជាជន ដោះស្រាយបញ្ហា ដើម្បីការអភិវឌ្ឍនៅក្នុងភូមិឃុំ។
ជាថ្មីម្តងទៀត លោក ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់គុណបំណាច់របស់លោកអ៊ុំ ហ៊ុន ណេង ចំពោះការកសាងស្នាដៃ និងសមិទ្ធផលជាច្រេីនក្នុងស្រុកស្ទឹងត្រង់។ សូមថ្លែងអំណរគុណក្រុមការងារទាំងអស់ និងមន្ត្រី សមាជិកគណបក្សស្រុក ឃុំ ភូមិ ដែលបានបំពេញការងារប្រកបដោយឆន្ទៈ លះបង់ពេលវេលា កម្លាំងកាយចិត្ត ពាំនាំជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា លើការាបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក៕




