
លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខនិងសំណេះសំណាលសមាជិកក្រុមប្រឹក្សាសង្កាត់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្រ្តីក្រោមឱវាទចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ ចំនួន៦គឺ៖សង្កាត់ផ្សារថ្មីទី៣, បឹងរាំង, ចតុមុខ, ជ័យជំនះ, ស្រះចក និងសង្កាត់វត្តភ្នំ។
ក្នុងនោះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានមានមតិផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងស្មៀនសង្កាត់ ត្រូវមានវេនប្រចាំការអោយបានជាប់ជាប្រចាំមិនថាថ្ងៃសៅរ៍ ឬអាទិត្យ ដោយត្រូវខិតខំបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលមកទទួលសេវា ត្រូវធ្វើឱ្យរហ័ស និងមានតម្លាភាព និងត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន និងត្រូវថែរក្សាសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនឱ្យបានល្អប្រសើរឡើង។














