អាជ្ញាធរក្រុងប៉ោយប៉ែតនឹងកងកម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យ កម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បានហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ!
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នៅវេលាម៉ោង ០២និង០០ នាទីរសៀល លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ដឹកនាំក្រុមការងារមន្ត្រីរដ្ឋបាលក្រុងនិងសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត នឹង កងកម្លាំងសមត្ថកិច្ច ចម្រុះចុះពិនិត្យ កម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បានហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែក្រុងប៉ោយប៉ែតកំពុងទទួលរងឥទ្ធិពលនៃភ្លៀងធ្លាក់ជាប់ៗគ្នា ប៉ុន្តែមិនទាន់មានការជន់លិចលង់ផលដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងពុំទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ ប៉ុន្តែរដ្ឋបាលក្រុងប៉ោយប៉ែតបានត្រៀមកម្លាំងប្រុងជើងការរួចជាស្រេច។
ក្នុងឱកាសនោះដែរ៖លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមមាត់អូរព្រំដែន កម្ពុជា ថៃ និងតំបន់ទំនាបដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងករណីមានអាសន្នណាមួយកើតឡើង ចុះពិនិត្យតាមបណ្ដោយមាត់អូរព្រំដែន កម្ពុជា ថៃ មានបីភូមិ គឺភូមិប៉ោយប៉ែត ភូមិក្បាលកោះ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
ដោយ៖លោកចាន់ ពុធ



