កែប ៖ អគាររដ្ឋបាលសាលាសង្កាត់កែប ស្ថិតក្នុងក្រុងកែបនោះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៧នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ហែរហមដោយសការីជាច្រើនរូប អភិបាលក្រុង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធទូទាំងខេត្ត និងប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូលផងដែរ។
លោក ណុប សំអុន ចៅសង្កាត់កែប បានឲ្យដឹងថា សង្កាត់កែបមានទំហំផ្ទៃដីគោកសរុប ២០,៧១គីឡូម៉ែត្រការ៉េ ដោយរដ្ឋបាលសង្កាត់មានភូមិ០២ជាចំណុះ គឺភូមិកែបនិងភូមិកែវក្រសាំង ដែលមានប្រជាពលរដ្ឋសរុបចំនួន ១.១០០គ្រួសារ ស្មើនឹងមនុស្ស៤.៩៣៥នាក់ ក្នុងនោះស្រី ២.៣៣៤នាក់។មុខរបរចម្បងរបស់ប្រជាពលរដ្ឋ គឺធ្វើស្រែ ចំការ នេសាទសមុទ្រ ផលិតអំបិល និងលក់ដូរបម្រើសេវាកម្មទេសចរណ៍ ហើយក្រុមប្រឹក្សាសង្កាត់កែប ក្នុងអាណតិ្តទី៤នេះមានចំនួន០៥រូប។
ក្នុងឱកាសនោះ លោកកែន សត្ថា អភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការចាំបាច់ជាច្រើន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិដែលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្ត ទាំងលើដីគោក បណ្តាកោះ និងលំហសមុទ្រ ពិសេសកិច្ចការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ។ទន្ទឹមនឹងនោះ ក៏បន្តស្ថាបនា ជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតនិងបំផុសប្រជាពលរដ្ឋ អាជីវករធ្វើអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភណភាពរបៀបរៀបរយសាធារណៈ ឲ្យកាន់តែល្អប្រសើរ ស័កិ្តសមជាទីក្រុងទេសចរណ៍ធម្មជាតិនិងបានធ្វើអនាម័យសម្អាតឆ្នេរជាប្រចាំ ព្រមទាំងបានរៀបចំបង្កើតព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត បម្រើឲ្យគោលដៅវិស័យទេសចរណ៍ផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នោះថា ផ្តើមចេញពីកត្តាអំណោយផលផ្នែកសន្តិសុខ កត្តាការអភិវឌ្ឍន៍ និងការរៀបចំព្រឹតិ្តការណ៍ទាំងនេះ បានធ្វើឲ្យភ្ញៀវមកទស្សនាសម្រាកលម្ហែកម្សាន្តនៅក្នុងខេត្តកែប មានចំនួនកើនឡើងជាលំដាប់។លោកបន្តថា នៅពេលថ្មីៗនេះ ខេត្តកែបក៏បានទទួលជាម្ចាស់ផ្ទះថ្នាក់តំបន់ ក្នុងការរៀបចំទិវា “កែប សម្អាត កែប Kep Kep Clean”កាលពីថ្ងៃទី១៥ខែកក្កដា កន្លងទៅ ហើយរដ្ឋបាលខេត្តកំពុងត្រៀមលក្ខណៈចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍អាស៊ាននិងធ្វើជាម្ចាស់ផ្ទះសហការរៀបចំពិធីបុណ្យសមុទ្រជុំទី២ នៅចុងឆ្នាំ២០១៧នេះ ក៏ដូចជាការត្រៀមលក្ខណៈប្រកួតកីឡាអាស៊ាន(SEA GAME)នៅឆ្នាំ ២០២៣ខាងមុខទៀតផង។
មានប្រសាសន៍ផ្តាំផ្ញើរ ក្នុងពេលនេះ លោកបណ្ឌិត ចម ប្រសិទ្ធ ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងអាជ្ញាធរក្នុងតំបន់ ក៏ដូចជាក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ ចិត្ត កំលាំងស្មារតី និងប្រាជ្ញា ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិជាតិទាំងមូល ហើយខណៈនេះលោកសូមថ្លែងនូវក្តីអបអរសាទរជាមួយខេត្តកែប ដែលជាប់ឈ្មោះជាម្ចាស់ជ័យលាភីផ្ការំដួលបីទង ជាទីក្រុងស្អាតនិងត្រៀមចូលប្រឡងប្រណាំងចលនាបន្តទៀត។ នេះក៏ជាកិតិ្តយសរបស់ខេត្តកែបដែលបានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករចំនួនបី គឺដីស្អាត(Clean Land)ទឹកស្អាត(Clean Water)និងខ្យល់ស្អាត(Clean Air)ដែលនឹងត្រូវទៅទទួលពានរង្វាន់នៅប្រទេសប្រ៊ុយណេនៅអំឡុងខែកញ្ញាខាងមុខនេះ។លោកបានលើកឡើងថា ចំពោះអគាររដ្ឋបាលសង្កាត់កែប ដែលនឹងសម្ពោធឲ្យដំណើរការនាពេលនេះ សូមជួយថែរក្សាទុកជាសម្បតិ្តមួយដ៏មានតម្លៃ សម្រាប់បន្តវេនដល់កូនចៅជំនាន់ក្រោយទៀត។/ ណារិទ្ធ





