កូនស្រីលោក កែប ជុតិម៉ា កំពុងកាន់កិច្ចការជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ
ក្រោយចូលនិវត្តន៍ពីតួនាទីជាអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិម៉ា បានជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ រហូតមកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះ គេក៏បានដឹងដែរថា កូនស្រីម្នាក់របស់លោក កំពុងបម្រើការងារជាមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ។ កូនស្រីរបស់លោករូបនេះ គឺលោកស្រី តិម៉ា វិច្ឆិកាល។
កាលកុមារភាព លោកស្រី តិម៉ា វិច្ឆិកាល រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចតុមុខ ចាប់ពីឆ្នាំ១៩៨៧-១៩៩៥ និងបញ្ចប់កម្រិតថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ១៩៩៨ គឺនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ក្រោយចប់កម្រិតមធ្យមសិក្សា លោកស្រីបានបន្តរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនៅឆ្នាំ២០០២-២០០៤ លោកស្រីទៅបន្តសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Canberra ប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ២០០៥ លោកស្រី តិម៉ា វិច្ឆិកាល ចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្របពេលជាមួយគ្នានេះ ក្នុងឆ្នាំ២០០៥ លោកស្រី ក៏ចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ ដែលអំឡុងពេលនោះ ឪពុករបស់លោកស្រី គឺលោក កែប ជុតិម៉ា កំពុងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ។
តែយ៉ាងណា លោកស្រី នៅតែឆ្លៀតពេលបន្តការសិក្សានៅក្រៅប្រទេសបន្ថែមទៀត គឺនៅឆ្នាំ២០១៦ លោកស្រីបញ្ចប់ការសិក្សានៅវិទ្យាស្ថាន Geneva Graduate ប្រទេសស្វីស និងនៅឆ្នាំ២០១៩ បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យឡុងដ៍ ចក្រភពអង់គ្លេស ដោយនៅឆ្នាំ២០២១ ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ។ បន្ថែមពីនេះ ក្នុងនាមជាមន្ត្រីរាជការមួយរូប លោកស្រី តិម៉ា វិច្ឆិកាល ទទួលបានការបណ្ដុះបណ្ដាលវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០១៦-២០១៧ នៅសាលាភូមិន្ទរដ្ឋបាល។
ដោយហេតុថា លោកស្រីទទួលបានការសិក្សាច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ គួបផ្សំនឹងបទពិសោធការងារសមគួរផងនោះ គឺនៅឆ្នាំ២០១៨ លោកស្រី ត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បន្ទាប់ពីលោកស្រី បានកាន់តំណែងនាយករងទីចាត់ការផែនការ និងវិនិយោគ ជាច្រើនឆ្នាំកន្លងមក។ បច្ចុប្បន្ននេះ លោកស្រី ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជារាជធានីភ្នំពេញ ផងដែរ៕




