សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា ញឹម តេង
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើព្រះរាជសារជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេករបស់លោកជំទាវ។
ក្នុងព្រះរាជសារ សម្ដេចម៉ែបានមានបន្ទូលដូច្នេះថា៖
«លោកជំទាវកិត្តិសង្គហបណ្ឌិត ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាព មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្ដាយ ក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ។ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្ដាយជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។
មរណភាពនមហាឧបាសិកា ញឹម តេង ជាការបាត់បង់ម្តាយក្មេក និងជីដូន ជីដូនទូត ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួន ជាទីគោរពស្រឡាញ់នៃមហាជន ។
សូមវិញ្ញាណក្ខន្ធ មហាឧបាសិកា ញឹម តេង អញ្ជើញទៅកាន់សុគតិភពកុំបីខាន។
សូម លោកជំទាវកិត្តិសង្គហបណ្ឌិត ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»។
សូមជម្រាបថា មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្ដាយ ក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៤ឆ្នាំ។ សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕




