សម្ដេចចៅហ្វាវាំង គង់ សំអុល ផ្ញើសារជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា ញឹម តេង
(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេកលោកជំទាវ។
ក្នុងសារ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានមានលើកឡើងដូច្នេះថា៖
«លោកជំទាវកិត្តិសង្គហបណ្ឌិត ជាទីរាប់អាន
តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល កំពុងបម្រើការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពមហាឧបាសិកា ញឹម តេង ដែលត្រូវជាម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១:៤០នាទីរសៀល ដោយរោគា ពាធ ក្នុងជន្មាយុ ៩៤ឆ្នាំ ។
ខ្ញុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃក្រសួងព្រះបរមរាជវាំង សូមសម្ដែងនូវ ការសោកស្ដាយដ៏ជ្រាលជ្រៅ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។
ការចូលមរណភាពន មហាឧបាសិកា ញឹម តេង ជាការបាត់បង់ម្តាយក្មេក ជីដូន និងជីដូនទូត ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាការបាត់បង់ កុលធីតាដ៏ឆ្នើមដែលជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួនជាទីគោរពស្រឡាញ់នៃមហាជន ទាំងពួង ។
ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង និងសូម វិញ្ញាណក្ខន្ធមហាឧបាសិកា អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូម លោកជំទាវកិត្តិសង្គហបណ្ឌិត ទទួលនូវការរាប់អានដ៏ស្មោះ អំពីខ្ញុំ»។
សូមជម្រាបថា មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្ដាយ ក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៤ឆ្នាំ។ សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕




