សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្ទះមួយខ្នងដល់ពលរដ្ឋក្រីក្រ១គ្រួសារ និងផ្តល់អណ្ដូងទឹកស្អាតចំនួន០៣ ដល់ពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត
ពួកគាត់ទាំងពីរនាក់ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានទ្រព្យសម្បត្តិអ្វីជាទីពឹង ហើយត្រូវចិញ្ចឹមកូនចំនួន០៣នាក់ក្នុងបន្ទុកគ្រួសារ។ សូមរំលឹកថា គ្រួសារគាត់ទទួលបានអំណោយផ្ទះទេវតានាពេលនេះ ស្របពេលដែលលោកស្រី ហ៊ុន ម៉ាណា អញ្ជើញមកប្រគល់អណ្ដូងទឹកនៅក្នុងភូមិនេះកាលពីប៉ុន្មានខែមុន ហើយបានប្រទះឃើញផ្ទះរបស់គាត់មានសភាពចាស់ធ្លុះធ្លាយ និងជីវភាពខ្វះខាតខ្លាំង។ ដោយសេចក្តីអាណិតអាសូរ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតាមួយខ្នងជូនដល់គ្រួសារគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីប្រគល់អំណោយផ្ទះនេះផងដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា សម្តេចទាំង២ តែងគិតគូរពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកស្រី ក៏បានផ្តល់ជូនគ្រួសារនេះនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខដូចជា:
-អង្ករ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស, ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន៥០ម៉ឺនរៀល។
បន្ទាប់មកនៅព្រឹកនេះដដែល លោកស្រី ក៏បានអញ្ជើញដឹកនាំក្រុមការងារប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន០៣ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី ១០៥ ដល់១០៧ នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតបានប្រើប្រាស់តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែងតែមានការខ្វះខាតទឹកជាប្រចាំ។
នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកស្រី ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
នាឱកាសនោះ លោកស្រីក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកទាំង០៣ទីតាំងក្នុងបរិយាកាសរីករាយបំផុត៕




