អភិបាលខេត្តកំពតប្រាប់អភិបាលក្រុង-ស្រុកទាំង៩ ប្រើប្រាស់តួនាទីឱ្យបានល្អប្រសើរ ជៀសវាងធ្វើឱ្យប្រជាពលរដ្ឋទទួលរងទឹកភ្នែក
ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅអភិបាលក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពត ឱ្យប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីផ្តល់ភាពកក់ក្តៅ និងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានខ្លួនឱ្យបានល្អប្រសើ រជៀសវាងការប្រើប្រាស់តួនាទីរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋទទួលរងនូវទឹកភ្នែក។
ឯកឧត្តមបានលើកឡើងដូចនេះក្នុងពិធីផ្ទេរភារកិច្ចអភិបាលស្រុកអង្គរជ័យ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ថា តួនាទីនាពេលនេះកើតឡើងដោយសារប្រជាពលរដ្ឋ ហើយវាជាអម្រែក ដែលអស់លោកដែលជាអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរែករាស្ត្រ និងរែកច្បាប់។ តួនាទីជាអម្រែក មិនមែនមានតួនាទីហើយចង់ធ្វើអ្វីក៏បាននោះទេ។
ឯកឧត្តមបន្តថា ចំពោះតួនាទីក្នុងការរែករាស្ត្រ ត្រូវដឹងពីសុខទុក្ខ ការលំបាក តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវដោះស្រាយនូវរាល់ការសំណូមពរ តម្រូវការរបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។ រីឯតួនាទីក្នុងការរែកច្បាប់ ត្រូវចេះពិនិត្យ និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ជូនពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមសង្កត់ធ្ងន់ថា មិនមែនមានតួនាទីក្នុងការដឹកនាំហើយ យកតួនាទីនោះទៅប្រព្រឹត្តអំពើខុសច្បាប់ ឬយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍បុគ្គល ដែលអាចធ្វើឱ្យពលរដ្ឋមានការអាក់អន់ចិត្តនោះទេ។
សូមជម្រាបថា យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦៥០ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចលោក មួង នឿន ពីអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ៕ ដោយ ៖ ទ្រី ហៀន











