ក្រសួងមហាផ្ទៃឆ្លើយតបUNថាកម្ពុជាតែងអនុវត្តតាមអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ លោក Vitit Muntarbhorn ថាកម្ពុជាតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកបញ្ជាក់ថាចំពោះកិច្ចការសំខានគឺការបោះឆ្នោតនៅកម្ពុជាដំណើរការបានយ៉ាងទៀងទាត់ រួមមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បោះឆ្នោតជាតិ បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភា។ការបញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ ធ្វើឡើងបន្ទាប់ពីលោក វិធិតបានស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពីដំណើរការពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ បញ្ហានៃការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងអំពីកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។រដ្ឋមន្ត្រីបន្ថែមថា កម្ពុជាក្នុងនាមជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ ហើយបានរកឃើញផ្លូវមួយសម្រាប់ការអភិវឌ្ឍឱ្យទទួលបាននូវសុខសន្តិភាព និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា អ្វីដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ននេះ គឺក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ក៏បានរួមចំណែក និងជ្រោមជ្រែងពីបណ្ដាប្រទេសជាមិត្តភក្តិរបស់កម្ពុជា រួមទាំងអង្គការសហប្រជាជាតិផងដែរ។
ការអះអាងខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាមួយនឹងលោក វិធិត កាលពីថ្ងៃទីពុធ ដើម្បីពិភាក្សាការងារនៅកម្ពុជា។ លោក ស ខេង បន្ថែមថា សម្រាប់ការបោះឆ្នោតនៅកម្ពុជា គឺបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមដោយសេរី ហើយការបោះឆ្នោតក៏បានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា ឬការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាតនយោបាយណាមួយនោះដែរ។
លោកថា ចំពោះការគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ គឺមានបញ្ហាប្រឈមមួយចំនួនដែលក្រសួងកំពុងដោះស្រាយ និងកំពុងរៀបចំឱ្យបានល្អ ជាពិសេស កំពុងកែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ពន្ធពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃភាពចង្អៀតណែនក្នុងពន្ធនាគារ។ លោកនិយាយថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានសិក្សា ទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ជំនួសឱ្យការឃុំឃាំង ដើម្បីធានាដល់ប្រសិទ្ធភាព និងកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ។លោកបន្តថា បញ្ហាការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺមានជាង៥០% នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ លោកបន្ថែមថា ចំពោះការប្រឆាំងនឹងការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម គឺកម្ពុជាក៏ជាអ្នករងគ្រោះដោយសារអំពើទាំងនេះដែរ ព្រោះពួកឧក្រិដ្ឋជនទាំងនោះបានយកកម្ពុជា ដើម្បីប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះ។គិតរហូតមកទល់ពេលនេះ កាសែត
ខ្មែរថាមស៍ ពុំអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយ។ ទោះយ៉ាងណាលោកធ្លាប់ប្រាប់ខ្មែរថាមស៍ ថាសម្រាប់កម្ពុជាបានអនុវត្តច្បាប់បានយ៉ាងល្អ ហើយច្បាប់មួយចំនួនក៏បានធ្វើវិសោធនកម្មឱ្យកាន់តែល្អថែមទៀត។ លោកថាប្រជាជន គឺមានសិទ្ធិសេរីភាព តែមិនអាចប្រព្រឹត្តអ្វីខុសនឹងច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញបានឡើយ។ជុំវិញបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ជាទូទៅមន្ត្រីរដ្ឋាភិបាល តែងប្រកាសអ្វីដែលខ្លួនបានធ្វើពេញលេញតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ គឺប្រហាក់ប្រហែលគ្នា ។ប៉ុន្តែ បើយើងសង្កេតមើលសង្គមបច្ចុប្បន្ន តើប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់ពេញលេញដែរទេ?លោកថា បើយើងនិយាយពីអ្នកសារព័ត៌មានជាបឋម ជាចលករជួរមុខក្នុងការសម្ដែងមតិយោបល់ ហើយគ្រាន់តែអ្នកសារព័ត៌មានក៏រងការប្ដឹងពីបទក្រមព្រហ្មទណ្ឌផងដែរ។ លោកបន្ថែមថា ការប្ដឹងអ្នកសារព័ត៌មាន គឺប្រាសចាសគោលការណ៍ខ្លឹមសារនៃច្បាប់សារព័ត៌មាន គឺគ្រាន់តែពិន័យ ឬស្នើឱ្យកែតម្រូវរាល់កំហុសឆ្គង តែមិនបានអនុវត្តបែបហ្នឹងទេ គឺអនុវត្តទៅលើក្រមព្រហ្មទណ្ឌទៅវិញ ដូច្នេះ តើសិទ្ធិសេរីភាពយើងនៅត្រង់ណា?អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបន្ថែមថា បើនិយាយពីកម្មករដែលសម្ដែងមតិរិះគន់ឬតវ៉ា ដើម្បីទាមទារផលប្រយោជន៍ គឺតែងរងសម្ពាធនៃការវាយតប់ជាដើម។ លោកថា កម្ពុជាបានចុះអនុសញ្ញាអន្តរជាតិព្រមព្រៀងជាអន្តរជាតិរួចរាល់ហើយ ដូច្នេះ កម្ពុជាគួរប្រកាន់ខ្ជាប់ដូចអ្វីដែលលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើង ដើម្បីកុំឱ្យប្រាសចាកទៅនឹងខ្លឹមសារច្បាប់ ដែលនាំឱ្យកម្ពុជាឯកកោ៕KhmerTime




