ខេត្តស្វាយរៀង ៖ មានកាស៊ីណូមួយកន្លែងជិតព្រំដែនជាប់ច្រករបៀងក្រសាំងជ្រំបានលួចបើកឲ្យវៀតណាមចូលមកលេងល្បែងគគ្រឹកគគ្រេង មានល្បែងប្រជល់មាន់ បៀ គ្រាប់ឡុកឡាក់ ជាដើម សង្ស័យថាគ្មានច្បាប់ ។
ករណីកាស៊ីណូអត់យីហោនេះមានទីតាំងនៅចំណុចព្រំដែនច្រករបៀងក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំ។បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងកាលពីវេលាម៉ោង១០៖ ០០ ព្រឹកថ្ងៃទី៣១ កក្កដា ២០១៦ កន្លងទៅនេះថា កាស៊ីណូអត់យីហោនេះ សង្ស័យគ្មានច្បាប់អនុញ្ញាតទេ គឺបើកលួចលាក់ដោយឃុបឃិតជាមួយសមត្ថកិច្ចវរៈការពារព្រំដែន ដែលយាមនៅច្រករបៀងក្រសាំងជ្រំនោះ ។
ប្រភពដដែលបានបន្តទៀតថា កាស៊ីណូអត់យីហោ មួយនេះបើកឲ្យភ្ញៀវជនជាតិវៀតណាមចូលលេងល្បែងក្នុងមួយសប្តាហ៌ ចំនួន៣ថ្ងៃ គឺថ្ងៃអាទិត្យ ថ្ងៃចន្ទ័ និងថ្ងៃព្រហស្បត្តិ៍ ហើយមានភ្ញៀវចូលលេងប្រមាណជា២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះ ភ្ញៀវម្នាក់ត្រូវបង់៨ម៉ឺនដុងស្មើ១៤,៥០០រៀល ឲ្យសមត្ថកិច្ចនៅច្រករបៀងក្រសាំងជ្រំ ។
ទាក់ទិនករណីនេះដែរ មន្ត្រីនគបាលវរៈការពារព្រំដែននៃច្រករបៀងក្រសាំងជ្រំម្នាក់បានប្រាប់ឲ្យដឹងថា កាស៊ីណូអត់យីហោ មួយនេះ មានថៅកែរ ងាជាឧកញ៉ាម្នាក់ បើកកាស៊ីណូ នៅឯឃុំសំរោងស្រុកចន្ទ្រា រួចមកបើកសាខានៅក្រសាំងជ្រំនេះ ជាច្រើនឆ្នាំមកហើយ ហើយធ្លាប់បានផ្អាកបីបួនខែមកហើយទើបតែបើកដំណើការក្នុងខែកក្កដានេះ ហើយបញ្ហាមានច្បាប់ឬគ្មានច្បាប់នោះលោកមិនដឹងទេ។
ចំណែកបុរសម្នាក់ដែលជាអ្នកយាមនិងកិបសំបុត្រម៉ូតូនិងរថយន្តបាននិយាយថា គាត់មិនស្គាល់ឈ្មោះថៅកែទេ ខ្លួនគ្រាន់តែយាម ហើយទីនេះគេហាមមិនឲ្យថតទេ ដូច្នេះមិនអាចរកការបំភ្លឺពីថៅកែកាស៊ីណូបានទេនៅថ្ងៃទី៣១កក្កដានេះ។ទាក់ទិនករណីនេះដែរ លោកម៉ែនវិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
បានបានប្រាប់អ្នកសារព័ត៌មានអោយដឹងតាមទូរសព្ទ័ថា ករណីមានបើកកាស៊ីណូ នៅជិតច្រករបៀងក្រសាំងជ្រំនេះលោកពុំបានដឹងទេ ពីព្រោះលោក(ម៉ែនវិបុល) ទើបឡើងកាន់ជាអភិបាលខេត្ត ប៉ុន្មានខែនេះពុំទាន់បានចុះពិនិត្យ តាមកាស៊ីណូ ទេ ហើយចំពោះថាមានបើកកាស៊ីណូនៅតាមច្ររបៀងមែនគឺ ខុសច្បាប់ហើយ ដោយអាជ្ញាធរខេត្តបានចេញខិតជម្រាបជូនស្ថាប័ន ស្រុកក្រុង ស្នងការនគបាលខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អនុវត្តតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បិទគ្រប់ច្រករបៀងខុសច្បាស់ទូទាំងប្រទេស មិនអនុញ្ញាត ចរាចរណ៍ដឹកទំនិញចេញចូលតាមច្រករបៀង ។ អាជ្ញាធរខេត្ត បានចេញលិខិតឲ្យបិទគ្រប់ច្រករបៀង ជាពិសេសកាស៊ីណូ ដែលមានទីតាំងនៅតាមច្រករបៀង ដូចជា កាស៊ីណូច្រករបៀងប៉ស្តិ៍ប្រាសាទ សង្កាត់ប្រាសាទក្រុងបាវិតបានបិទហើយ ។ ចំពោះកាស៊ីណូក្រសាំងជ្រំស្រុកស្វាយជ្រំ លោកមិនបានដឹងទេ លោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យជាក់ស្តែងសិនបើបើកខុសច្បាប់ឲ្យបិទមិនអនុញ្ញាតឡើយ ៕



